
សិល្បៈ ៖ បន្ទាប់ពីតារាចម្រៀង យក់ ថិតរដ្ឋា បានដាក់លិខិតសុំលាឈប់ពីតួនាទីអ្នកចម្រៀងនៅផលិតកម្ម ហង្សមាស បានពីរថ្ងៃ ដោយមិនទម្លាយចេញមូលហេតុក្រៅពីលើកយកហេតុផលថា ជាប់ធុរៈផ្ទាល់ខ្លួន។ នៅពេលនេះលោក ឃុំ ប៉ុណ្ណាដែត បានចេញសារដែលបង្កប់ពាក្យសម្ដីថា ភរិយាលោកចេញពី ហង្សមាស មិនមែនមានរឿងជាច្រើនមិនអាចបំភ្លេចបាន។
នេះគឺជាសាររបស់លោក ឃុំ ប៉ុណ្ណាដែត ដែលលោកសរសេរដាក់ក្នុង ហ្វេសប៊ុក Kqube.net បានចំលងមកចុះផ្សាយទាំងស្រុង "អរគុណចំពោះក្រុមការងារ ដូចជា លោកគ្រូភ្លេង អ្នកនិពន្ធ ទំនុកច្រៀង អ្នកដឹកនាំសម្ដែង ក្រុមបច្ចេកទេស និងថ្នាក់ដឹកនាំទាំងអស់របស់ផលិតកម្ម ហង្សមាស ដែលបានយកចិត្តជួយជ្រោមជ្រែងដល់ភរិយាខ្ញុំបាទ ( អ្នកនាង យក់ ថិតរដ្ឋា ) ក្នុងរយះពេលជិត ៥ ឆ្នាំភរិយាខ្ញុំពិតជាបានទទួលនូវបទពិសោធន៍ល្អៗ និងអនុស្សាវរីយល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន "។
សារខាងលើនេះបន្តថា "ការស្នើសុំលាឈប់នេះ គឺដោយសារមានធុរៈផ្ទាល់ខ្លួន ដើម្បីបំពេញ ហើយការចាកចេញមួយនេះយើងខ្ញុំសង្ឃឹមថា រវាងយើងខ្ញុំ និងក្រុមការងារទាំងអស់ ជាពិសេសគឺថ្នាក់ដឹកនាំសំខាន់ៗ ពួកយើងនៅតែរាប់អាន និងជួយយកអាសាគ្នា ក្នុងនាមជាខ្មែរដូចគ្នា ក៏សង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចរួមការងារជាមួយគ្នាបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ មួយវិញទៀតក្នុងនាមខ្ញុំជាស្វាមីអ្នកនាង យក់ ថិតរដ្ឋា សូមមេត្តាអភ័យទោសរាល់ពាក្យពេចន៍ទាំងឡាយ បើមានការលើសលោះ ដោយប្រការណាមួយ ។ ជាចុងក្រោយសូមជូនពរដល់បងប្អូនទាំងអស់ និងក្រុមហ៊ុន ហង្សមាស មានសុខភាពល្អ អរគុណ ។ ឃុំ ប៉ុណ្ណាដែត"៕
ផ្តល់សិទ្ធិដោយ៖KQUBE

