
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានឪពុកម្ដាយបង្កើតរបស់ខ្លួនប្ដឹងសមត្ថកិច្ចអោយចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧បន្ទាប់ពីជននេះបានប៉ុងប៉ងរំលោភស្ត្រីជាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន នៅក្នុងបន្ទប់ទឹកខណៈពេលដែល នាងចងពង់ចូលទៅងូតទឹក ដោយជននោះបានសម្រាតក្រម៉ាចេញអស់ហើយលូកលាន់ប្រដាប់ភេទ តែក៏ត្រូវបានឪពុកម្តាយរបស់ជននេះជួយទាន់ពេលវេលា។ ហេតុការណ៍នេះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ សារិន តុសិតា អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិ សង្កាត់ខាងលើ។ ហើយស្រ្តីរងគ្រោះឈ្មោះ ខ ស ណ អាយុ២២ឆ្នាំ ជាអ្នកបម្រើក្នុងផ្ទះជនសង្ស័យ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុស្ត្រីអ្នកបម្រើ ឈ្មោះ ខ សណ បានចងពង់ក្រម៉ាចូលងូតទឹកក្នុងបន្ទប់ទឹក ស្រាប់តែជនសង្ស័យឈ្មោះ សារិន តុសិតា បានស្ទុះច្រានទ្វារចូលក្នុងបន្ទប់ទឹកនោះ ហើយចាប់សម្រាតស្រ្តីរងគ្រោះអស់ពីខ្លួន និងប៉ះពាល់កេរ្តិ៍ភេទថែមទៀត នៅពេលនោះ ស្រ្តីរងគ្រោះក៏បានស្រែកឱ្យគេជួយ។ ឳពុកម្តាយជនសង្ស័យនៅក្នុងផ្ទះនោះដែរ ក៏បានស្ទុះទៅចាប់ជនសង្ស័យចេញពីក្នុងបន្ទប់ទឹក បង្អាក់សកម្មភាពដែលប៉ងរំលោភស្រ្តីរងគ្រោះ។
ឪពុកជនសង្ស័យឈ្មោះ ជា សារិ អាយុ៥០ឆ្នាំ ដែលជាអ្នកមកប្តឹងសមត្ថកិច្ចនោះ ប្រាប់ឱ្យដឹងទៀតថា កូនរបស់ខ្លួនជាអ្នកប្រើប្រាស់ថ្នាំញៀន នៅពេលបែកថ្នាំម្តងៗធ្លាប់ធ្វើសកម្មភាពប៉ងវាយឪពុកម្ដាយ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ មិនតែប៉ុណ្ណោះ បានលួចលក់ម៉ូតូឳពុកម្តាយទិញឱ្យជិះអស់ជាច្រើនគ្រឿងមកហើយ។ ឪពុកម្ដាយក៏បានស្នើឱ្យសមត្ថកិច្ចយកកូនប្រុសរូបនោះទៅអនុវត្តតាមផ្លូវច្បាប់ ដោយឱ្យដាក់គុកបានយូរឆ្នាំបន្តិច ទើបក្នុងគ្រួសារបានសេចក្ដីសុខ។
ដោយឡែកជនសង្ស័យនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានចាប់បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យដើម្បីទុកចាត់ការតាមផ្លូវច្បាប់៕ ប្រ. ផន សុផល
ផ្តល់សិទ្ធិដោយ៖KQUBE
