
ស្ថានទូត អាមេរិក ទាំងឡាយនៅលើពិភពលោក នឹងទាមទារឲ្យអ្នកទទួលបានទិដ្ឋាការចូលទឹកដី អាមេរិក ត្រូវតែប្រគល់លេខសម្ងាត់គណនីបណ្ដាញសង្គមដល់ស្ថានទូត ដើម្បីងាយស្រួលដល់អាជ្ញាធរ អាមេរិក ក្នុងការតាមដាន ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាមេរិក លោក John Kelly បញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការពិនិត្យដោយហ្មត់ចត់នូវមនុស្សទាំងឡាយណាដែលចូលទឹកដីអាមេរិក ហើយជាអ្នកអាចគំរាមដល់សន្តិសុខ ។
យើងត្រូវតែបន្ថែមការតាមដានថ្មីមួយ នោះគឺការតាមដានមនុស្សដោយគ្រប់គ្រងលេខសម្ងាត់បណ្ដាញសង្គមដែលពួកគេប្រើប្រាស់ ព្រោះយើងមិនអាចហាមប្រាមបានទាំងស្រុងនូវប្រជាជនក្នុងប្រទេសទាំង ៧ មិនឲ្យចូលទឹកដី អាមេរិក បានឡើយ ដូច្នេះត្រូវសួររកលេខសម្ងាត់ដែលពួកគេប្រើប្រាស់ ទើបដឹងថាតើពួកគេធ្វើអ្វីនៅលើ អ៊ីនធឺណិត ប៉ុន្តែបើពួកគេមិនព្រម គឺមិនអនុញ្ញាតឲ្យចូលទឹកដី អាមេរិក ឡើយ ។ នៅមិនទាន់មានការសម្រេចថានឹងអនុវត្តដូច្នេះនៅឡើយ ប៉ុន្តែវិធានការនេះនឹងអនុវត្តនៅថ្ងៃខាងមុខ ហើយប្រសិនបើពួកគេចូលទឹកដី អាមេរិក ដោយគ្មានបំណងអាក្រក់ ពួកគេនឹងយល់ព្រមតាមការទាមទារ ។
ទោះយ៉ាងណា វិធានការនេះអាចត្រូវបានអនុវត្តដោយផ្ដោតសំខាន់ទៅលើប្រជាជនមកពីប្រទេសទាំង ៧ ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន គឺ អីុរាក់ អីុរ៉ង់ លីប៊ី សូម៉ាលី សូដង់ ស៊ីរី និង យ៉េមែន ។ ប្រភព msn.com
ផ្តល់សិទ្ធិដោយ៖KQUBE