
រាជធានីភ្នំពេញ៖ នាក្បាលល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសំណេរមួយ ដោយក្នុងនោះលោកបានសម្ដែងអារម្មណ៍ខកចិត្តដែលមិនអាចយល់ពីខ្លឹមសារនៃ សិក្ខាសាលារបស់គេបាន ព្រោះតែក្នុងនោះវាគ្មិន មិនបាននិយាយភាសាខ្មែរ ទោះបីជាវាគ្មិនខ្លះជាខ្មែរក៏ដោយ។
ក្នុងទំព័រហ្វេសប៊ុករបស់លោក ឧកញ៉ា ដដែលបានសរសេរថា "មកចូលរួមសិក្ខាសាលានៅសារមន្ទីរជាតិ (សាលារចនា) គេនិយាយពីរភាសាអត់និយាយខ្មែរ រូបខ្ញុំនឹងមិត្តភ័ក្ដិមួយចំនួនទៀត ដែលមកចូលរួមស្ដាប់មិនបាន"។ ក្នុងនោះដែរក៏មានអ្នកបញ្ចេញមតិក្នុងសាររបស់លោកថា "គួរអោយបរទេស រៀននិយាយភាសាខ្មែរខ្លះទៅព្រោះពួកគេ មកធ្វើការស្រុកខ្មែរ គួរតែអោយពួកគេនិយាយភាសាខ្មែរដែរ ទើបប្រជាជនខ្មែរខ្លះអាចស្ដាប់បាន"។
តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ តបទៅកាន់អ្នក Comment រូបនោះលោកឧកញ៉ាបានសរសេរថា "ចាំបាច់រៀនអី បើខ្មែរក៏មិននិយាយដែរ"៕


ផ្តល់សិទ្ធិដោយ៖KQUBE