
នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈនេះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយឲ្យដឹងថា ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សជាង១៩នាក់ បានក្រឡាប់លិចទៅក្នុងទឹកសមុទ្រ នៅក្នុងខេត្ត Sulawesi ភាគកើតនៃប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់០៧នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួន។
លោក H. Alamsyah ប្រធានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឲ្យដឹងថា ឧបទ្ទវហេតុក្រឡាប់ទូកខាងលើនេះ បានកើតឡើងនៅស្រុក Takalar ចំពេលដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រ Makassar ភ្លាមៗនោះ កម្លាំងប្រតិបត្តិការរុករកមនុស្សដែលបាត់ខ្លួន បានរកឃើញចំនួនមនុស្សស្លាប់ចំនួន៧នាក់ និង១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ី និងកម្លាំងចុះធ្វើអន្តរាគមន៍ស៊ើបអង្កេតពីគ្រោះថ្នាក់ខាងលើនេះ ពុំទាន់រាយការណ៍ឲ្យដឹងច្បាស់អំពីមូលហេតុនៃការលិចពាក់កណ្ដាលផ្លូវនេះនៅឡើយទេ យ៉ាងណាមិញព័ត៌មានបន្ថែមនឹងចុះផ្សាយឲ្យដឹងនៅពេលក្រោយ។

ផ្តល់សិទ្ធិដោយ៖KQUBE