
សិល្បៈ ៖ យៈពេលពីរឆ្នាំនេះបទចម្រៀង Original Song ពេជ្រ សោភា ទទួលបានការគាំទ្រលើសលប់ បើធៀបជាមួយតារាចម្រៀងរបស់ប្រចាំផលិតកម្ម ហង្សមាស សូម្បីតែ ឱក សុគន្ធកញ្ញា ក៏នាងវ៉ាដាច់ រហូតមានអ្នកគាំទ្រវាយតម្លៃថា តំណែងកំពូលតារាចម្រៀងប្រចាំ ហង្សមាស ដែល ឱក សុគន្ធកញ្ញា ធ្លាប់គ្រងជាច្រើនឆ្នាំមកនោះ ត្រូវដកមកប្រគល់ឲ្យ ពេជ្រ សោភា វិញម្ដង។
តើការតែងតាំងតំណែងថ្មីរបស់ទស្សនិកជន ពេជ្រ សោភា ឆ្លើយតបយ៉ាងនោះ Kqube.net បាននាំយកបទសម្ភាសន៍ជុំវិញព័ត៌មាននេះជាមួយម្ចាស់រាជិនីចម្រៀងរបស់ ហង្សមាស ថ្មី ដែលមានដូចខាងក្រោម៖
តាន់ ចន្ថា ៖ ថ្មីៗនេះមានមហាជនវាយតម្លៃថា ប្រជាប្រិយភាព ពេជ្រ សោភា ហក់ឡើងខ្លាំង រហូតវ៉ាដាច់ ឱក សុគន្ធកញ្ញា និងទទួលបានតំណែងជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ថែមទៀត តើមានអារម្មណ៍យ៉ាងណាដែរ ?
ពេជ្រ សោភា ៖ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអត់សប្បាយចំពោះពាក្យថា ខ្ញុំទៅដណ្ដើមតំណែងអ្នកណាទេ មនុស្សយើងម្នាក់ៗសុទ្ធតែមានសមត្ថភាពសុខគ្នាបង! សម្រាប់ខ្ញុំមានតែខិតខំធ្វើបទចម្រៀងដោយខ្លួនឯង ជួយខ្លួនឯង តែប៉ុណ្ណឹងឯង ហើយបើថាឲ្យមានគំនិតមួយគិតថា ចង់ឈ្នះអ្នកនេះចង់ឈ្នះអ្នកនោះ គឺមនុស្សតែងមានការចង់ឈ្នះហើយ ប៉ុន្តែសម្រាប់ខ្ញុំគឺចង់ឈ្នះតែខ្លួនឯងទេ ពេលយកឈ្នះខ្លួនឯងបានសម្រេចហើយ សម្រាប់ខ្លួនខ្ញុំគិតថាល្អ តែបើថាខ្ញុំចង់ឈ្នះដៃគូអ្នកចម្រៀងណាផ្សេងគឺអត់ទេ ហើយបើសិននៅក្នុង ហង្សមាស មានអ្នកណាកាន់តែល្បី គឺខ្ញុំកាន់តែសប្បាយចិត្ត ដូចជាបទរបស់គាត់(ឱក សុគន្ធកញ្ញា) "ចង់ទៅៗ" ខ្ញុំក៏ស្ដាប់បទគាត់ដែរ៕


ផ្តល់សិទ្ធិដោយ៖KQUBE