
សិល្បៈ ៖ មួយរយៈនេះគូស្នេហ៍អ្នកសិល្បៈលោក ម៉ា ច័ន្ទបញ្ញា និងកញ្ញា អ៊ិញ បានបង្ហាញរូបភាពផ្អែមល្ហែម រហូតបានពោលពាក្យថា មិនចង់ឃ្លាតគ្នាមួយជំហាន សូម្បីតែពេលដែលពួកគេត្រូវធ្វើការផ្សេងគ្នា។ ស្នេហាស្មោះនេះធ្វើឲ្យលោក ម៉ា ច័ន្ទបញ្ញា មានទាំងការបារម្ភ និងការប្រចណ្ឌមិនចង់ឃើញសង្សាររបស់ខ្លួនសិទ្ធជាមួយបុរសផ្សេងទាំងក្រៅ និងក្នុងការងារសម្ដែង។
ខាងក្រោមនេះគឺជាសាររបស់លោក ម៉ា ច័ន្ទបញ្ញា បានសរសេរបង្ហាញប្រាប់ពីទឹកចិត្តរបស់លោកដែលមានមកលើសង្សារ ដើម្បីផ្ញើជូនដល់ក្រុមហ៊ុន ផលិតកម្ម និងអ្នកដឹកនាំថត ប្រាប់អារម្មណ៍ពិតរបស់លោក "អ្នកទាំងអស់គ្នាដឹងទេ តាំងពីពួកយើងថតបទនេះហើយ ការងារសិល្បៈពួកយើងចាប់មមាញឹកជាច្រើន។ ពេលមុន ពួកយើងនៅក្បែរគ្នាស្ទើររាល់ថ្ងៃ ខ្ញុំមិនអាចទុកគាត់ឲ្យនៅម្នាក់ឯងបានទេ ព្រោះខ្លាចគាត់ឯកា ប៉ុន្តែការងារថ្មីៗរបស់យើង មួយចំនួនបានបង្ខំឲ្យពួកយើងធ្វើការងារផ្សេងពីគ្នា។ ជួនកាល ខ្ញុំមិនបានជួបគាត់ស្ទើរមួយថ្ងៃពេញ"។
អត្ថន័យក្នុងសារដដែលនេះបន្តថា "យើងនឹកគ្នាណាស់ យើងចង់ធ្វើការងារជាមួយគ្នា ប៉ុន្តែការងារមួយចំនួនធំ គេត្រូវការគាត់ (សង្សារ)ការងារខ្ញុំមួយចំនួនធំគេត្រូវការតែខ្ញុំ។ អ្នកទាំងអស់គ្នាយល់អារម្មណ៍មួយនេះទេ។
ជាអ្នកសិល្បៈលះបង់ ដើម្បីការងារ ពេលខ្លះត្រូវបិទភ្នែក មិនហ៊ានមើលសង្សារខ្លួនឯងត្រូវស្និទ្ធស្នាលជាមួយតួប្រុសផ្សេង ក្នុងន័យការងារនោះទេ តែត្រូវតែទ្រាំ ព្រោះនោះជាការងាររបស់យើង"។
លោក ម៉ា ច័ន្ទបញ្ញា បន្តថាសំណេរទៀតថា "រាល់ពេល ខ្ញុំសប្បាយចិត្ត និងគោរពខ្លាំងបំផុត អ្នកដែលយល់ពីទំនាក់ទំនងយើង និងហៅយើងធ្វើការងារជាគូ។ ពួកយើងមិនចង់ធ្វើការឆ្ងាយគ្នាទេ! សម្រាប់ខ្ញុំ ខ្ញុំនឹក និងបារម្ភពីគាត់ណាស់។ សង្ឃឹមថាផលិតកម្ម ក្រុមហ៊ុននិងអ្នកចាត់ចែងផ្សេងៗយល់ពីអារម្មណ៍នេះផង៕


ផ្តល់សិទ្ធិដោយ៖KQUBE