
សិល្បៈ ៖ នៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់មុននេះបន្តិចក្រុមតារាចម្រៀងលោក អ៊ាម វន្នី រួមជាមួយសិល្បករមកពីសមាគមសិល្បករខ្មែរប្រមាណជាងដប់រូបផ្សេងទៀតបាននាំយកបាយកញ្ចប់ មី នំចំណី និងក្រមាចែកដល់អ្នកសុំទាន និងតាៗធាក់ស៊ីក្លូនៅជាង៥០០នាក់។ លោក អ៊ាម វន្នី បានប្រាប់ថា ការចូលក្នុងកម្មវិធីចែកបាយកញ្ចប់ មី នំចំណី ទឹក និងក្រមា ដល់បងប្អូនក្រក្រី និងតាៗធាក់ស៊ីក្លូនៅមុខព្រះបរមរាជវាំងក្នុងថ្ងៃបុណ្យក្ដីស្រឡាញ់នេះ លោកពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ ព្រោះសកម្មភាពនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងស្រឡាញ់រវាងអ្នកសិល្បៈដល់ពួកគាត់ដែលជាអ្នកខ្សត់ខ្សោយ។
លោកបន្តថា អាហារ នំចំណី និងសម្ភារទាំងនេះ ដ្បិតតែតិចតួចសម្រាប់ពួកគាត់ ប៉ុន្តែអំណោយដ៏ស្ដួចស្ដើងនេះគឺបង្ហាញពីទឹកចិត្តរបស់ពួកយើង ក្នុងនាមជាអ្នកសិល្បៈដែលមិនសូវមានធនធានច្រើន។
កញ្ញា សុវត្តិឌី ធារិកា ក៏បានប្រាប់ Kqube.net ដែរថា កញ្ញាក៏មានចិត្តរំភើបដូចអ្នកសិល្បៈដទៃទៀតដែរ ទោះអាកាសធាតុក្ដៅ និងហត់បន្តិច តែនាងពេញចិត្តនឹងធ្វើ ព្រោះសកម្មភាពនេះមានតម្លៃសម្រាប់នាង ក៏ដូចជាបងប្អូនក្រីក្រ ដែលមានរបរលក់ផ្កា លក់ចំណីព្រាប អ្នកសុំទាន និងតាៗធាក់ស៊ីក្លូផងដែរ ។
កញ្ញាបន្ថែមថា ទឹកចិត្តអ្នកសិល្បៈរួមជាមួយក្រុមហ៊ុនឧបត្ថម្ភទាំងនេះ ទោះជាមិនអាចជួយឲ្យពួកគាត់ដោះស្រាយ និងចម្អែតក្រពះបានរយៈពេលយូរ ប៉ុន្តែក៏អាចចម្អែតមួយគ្រាផងដែរ។
មាស មុនីរាជ ៖ លោក មាស មនុនីរាជ ក៏បានបញ្ជាក់ដែរថា សកម្មភាពនេះលោកបានចូលរួមច្រើនលើកមកហើយ លើកនេះគឺយើងធ្វើឡើងចំថ្ងៃក្ដីស្រឡាញ់ គឺចង់បង្ហាញទស្សនិកជនថា អ្នកសិល្បៈត្រូវការបងប្អូនជួយគាំទ្រ ហើយពេលនេះពួកយើងមានទឹកចិត្តបន្តិចបន្តួចតាមលទ្ធភាពតបស្នងដល់គាត់វិញ គឺចង់បង្ហាញពីក្តីស្រឡាញ់សម្រាប់បងប្អូនផងដែរ។
លោក តាំង គីមឡេង តំណាងសមាគមសិល្បករបានលើកឡើងថា ការចុះចែកបាយកញ្ចប់ នំចំណីផ្សេងៗក្នុងពេលនេះ គឺជាលើកទី១៨ហើយដែលក្រុមលោកបានធ្វើឡើង ក្នុងគោលបំណងបង្ហាញពីការស្រឡាញ់ដល់បងប្អូនខ្មែរក្រីក្រ ហើយសកម្មភាពនេះក្រុមលោកនៅតែបន្តធ្វើបន្ថែមទៀត ដើម្បីបំផុសឲ្យយុវជនខ្មែរចេះស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្នា៕







ផ្តល់សិទ្ធិដោយ៖KQUBE