
ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមេម៉ាយទុរគត២នាក់ម៉ែកូនឈ្មោះ លាង សេត អាយុ48ឆ្នាំ រស់នៅភូមិជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ គាត់មានការត្អូញត្អែពីជីវភាពក្រីក្រ មានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ដោយសព្វថ្ងៃនេះរូបគាត់ ពីរនាក់ម្តាយនិងកូន ដើរដកបន្លែពោះគ្រៃ ដែលដុះនៅតាមមាត់ ព្រែកឆ្លូង ជារៀងរាល់ថ្ងៃ ដោយក្នុងថ្ងៃដកបាន ចំនួន4ទៅ5ថង់ប៉ុណ្ណោះ ដើម្បីយកមកលក់ឲ្យអ្នកភូមិ បានកំរ៉ៃក្នុងមួយថង បានលុយ500៛ទៅ1000៛ សំរាប់ទិញអង្កដាំបាយហូប។
ស្រ្តីទុរគតរូបនោះ បន្តថា ជីវិតគាត់២នាក់ម្តាយកូន ពិតជាវេទនាខ្លាំងណាស់ សព្វថ្ងៃត្រូវរស់នៅក្នុងខ្ទមល្ហល្ហេវ គ្មានជញ្ចាំងបិទបាំងសមរម្យឡើយ ហើយកូនរបស់គាត់ ពុំដែលបានចូលសាលារៀន ទៀងទាត់ពេលវេលាទេ ដោយសាររវល់ទៅជួយម្តាយ ដើរទៅរកដកបន្លែពោះគ្រៃ យកមកដូរអង្កនិងលក់ជារៀងរាល់ព្រឹកព្រលឹម លុះដល់ល្ងាចទើបបានត្រលប់មកវិញ។
ស្រ្តីរូបនោះ រៀបរាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃ បើរូបគាត់ ខានទៅរកដកបន្លែ ពិតជាគ្មានអ្វីហូបទេ ម្យ៉ាងសែនអាណិតកូន ដែលមិនអាចទៅរៀនសូត្រ ឲ្យទៀងទាត់ពេល ដូចកូនគេដទៃ ថ្ងៃខ្លះត្រូវហត់នឿយ ជាមួយម្តាយ ថ្ងៃខ្លះត្រូវអត់បាយជាមួយម្តាយ ។
ដូចបានរៀបរាប់ខាងលើ វាជារឿងពិតដ៏គួរឲ្យខ្លោចចិត្ត សូមសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់ស្រ្តីមេម៉ាយទុរគត២នាក់ម្តាយនិងកូននេះផង។ សូមទំនាក់ទំនង តាមរយ:លេខទូរស័ព្ទ អ្នកជិតខាងផ្ទះរបស់ស្ត្រីមេម៉ាយទុរគតខាងលើ 088 2161515 សូមអគុណ៕ ដោយ បងសង្ហា

ផ្តល់សិទ្ធិដោយ៖VD7news