
សមាជិកសភាទីក្រុងសេអ៊ូលមួយរូបបានឲ្យដឹងថ្មីៗនេះថា កូរ៉េខាងជើងកំពុងរៀបចំគម្រោងបាញ់មីស៊ីលស៊េរីទំនើបរបស់ខ្លួន ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណចង់សាកល្បងសម្ថតភាពទៅលើប្រព័ន្ធការពារមីស៊ីល THAAD របស់អាមេរិក ដែលបានដាក់ពង្រាយនៅទីក្រុងសេអ៊ូល នេះបើយោងតាមសារព័ត៌មាន South China Morning Post បានចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក Yoo Seung-min សមាជិកសភាប្រចាំនៅទីក្រុងសេអ៊ូល កំពុងសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បាញ់មីស៊ីលគំរាមប្រទេសទាំងបីមាន ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យមុន ហើយថ្មីៗនេះ មានប្រភពសារព័ត៌មានមួយមកពីកូរ៉េខាងជើងលេចឡើងថា ប្រទេសផ្ដាច់ការមួយនេះ ត្រៀមនឹងបាញ់មីស៊ីលផ្លោងទ្វីបស៊េរីថ្មីរបស់ខ្លួនជាថ្មីម្ដងទៀត ដោយការគំរាមលើនេះ គឺសំដៅលើការធ្វើតេស្តសមត្ថភាពប្រព័ន្ធ THAAD ទៀតផង។ ទន្ទឹមគ្នានឹងការព្រួយបារម្ភនេះ សមាជិកសភាខាងលើបានចោទសួរទៅកាន់ក្រសួងការពារជាតិថា តើ THAAD អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារមីស៊ីលរបស់កូរ៉េខាងជើងបានដែរឬទេ?
យ៉ាងណាមិញសមាជិកសភារូបនេះ កំពុងស្នើឲ្យមានការជួបប្រជុំមួយ រវាងភាគីដែលពាក់ព័ន្ធទាំងអស់ បូករួមទាំង UN ផងដែរ ដើម្បីពិភាក្សាទប់ស្កាត់អានុភាពមីស៊ីលនេះ។ គួរបញ្ជាក់ផងដែរថា អាវុធដ៏ទំនើបនេះត្រូវបានរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានប្រកាសឲ្យដឹងកាលពីថ្ងៃអទិត្យមុនថា ជាប្រភេទមីស៊ីលបាញ់រំលងទ្វីប ដែលមិនមានពីមុនមក ឈ្មោះថា Pukguksong-2 ផលិតដោយ (DPRK) ក្រោមការបញ្ជាដោយ លោក Kim Jong-un ៕

ផ្តល់សិទ្ធិដោយ៖KQUBE