Sponsor

ខេត្តរតនគីរី៖ ប្អូនស្រីមានជម្ងឺប្រចាំកាយឈ្មោះ ហំ ស្រីលីន ដែលទើបបានបុត្រានាយករដ្ឋមន្រ្តី ហ៊ុន សែន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលយកទៅព្យាបាលនៅទីក្រុងភ្នំពេញនោះ ឥឡូវនេះនាងត្រូវគេផ្តល់ដំណឹងថា បានស្លាប់លាចាកលោកយើងនេះទៅហើយ ដែលនាងទើបតែទទួលការព្យាបាលបានចំនួនតែពីរថ្ងៃប៉ុណ្ណោះ ពីក្រុមគ្រូពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។

ហំ ស្រីលីន ត្រូវបានឳពុកនាងបញ្ជាក់នៅមុនបញ្ជូនទៅក្រុងភ្នំពេញថា នាងត្រូវជាកូនទីពីរ មានអាយុ១២ឆ្នាំ ដែលត្រូវបានម្តាយរត់ចោលទៅមានប្ដីថ្មី២ឆ្នាំមកហើយ ។ លោក ពៅ តឿ ជាឪពុកថា នាងមានជម្ងឺប្រចាំកាយរយៈពេល២ឆ្នាំកន្លងទៅហើយ ប៉ុន្តែលោកមិនមានបា្រក់ដើម្បីព្យាបាលទេ គឺទុកអោយកូនស្រីដែលមានជម្ងឺប្រចាំកាយនោះនៅនឹងផ្ទះតែម្នាក់ឯង ពោលគឺជីវិតនាងបណ្តោយតាមយថាកម្ម។ ចំណែកលោក ហើយនិងបងប្រុសរបស់នាងមានអាយុទើបតែ១៤ឆ្នាំ រវល់ទៅជៀជ័រកៅស៊ូដើម្បីជីវៈភាពប្រចាំថ្ងៃ បើពុំនោះទេនឹងត្រូវដាច់បាយស្លាប់ទាំងអស់គ្នា។ លោក ពៅ តឿ បានបញ្ជាក់ប្រវត្តិជីវិតរបស់លោថា មុននឹងមកខេត្តរតនគិរី គឺលោកមានស្រុកកំណើតនៅឯភូមិបសេធន៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ដោយសារតែកត្តាជីវភាព លោកនិងប្រពន្ធដែលទៅមានប្តីថ្មីនិងកូន២នាក់ ក៏ស្រុះស្រួលបបួលគ្នា មករកការងារធ្វើក្នុងខេត្តរតនគិរី គឺរូបគាត់ហើយនិងកូនប្រុសច្បងបានចូលធ្វើជាកម្មករជៀជ័រកៅស៊ូ ដោយស្នាក់នៅក្នុងចំការរបស់ថៅកែកៅស៊ូនោះតែម្តង។

ជីវិតរស់នៅក្នុងភាពដ៏កំសត់ បានធ្វើអោយប្រពន្ធរបស់លោក លួចទៅមានសាហាយថ្មី ធ្វើអោយលោកហើយនិងកូនៗ រស់នៅក្នុងភាពកណ្តោចកណ្តែងជាទីបំផុត។ ស្រាប់តែជិវិតកណ្តោចកណ្តែងមិនទាន់បានបញ្ចប់ផងនោះ កូនស្រីរបស់លោកគឺនាង ហំ ស្រីលីន មានជម្ងឺកាន់តែធ្ងន់ធ្ងរ រហូតដំណឹងជម្ងឺរបស់នាងបានបែកធ្លាយដល់អ្នកសារព័ត៌មានក្នុងខេត្តរតនគិរី ទើបធ្វើអោយមានការចុះផ្សាយអំពីដំណឹងនោះ កាលពីថ្ងៃទី៤ កុម្ភៈកន្លងទៅនេះ ដែលសុំអោយមានសប្បុរសជនជួយឧបត្ថម្ភថវិកាដើម្បីព្យាបាលជម្ងឺនាង។ ក្រោយមានការចុះផ្សាយថ្ងៃទី៤ កុម្ភៈ ដំណឹងនោះបានសុះសាយដល់បុត្រានាយករដ្ឋមន្រ្តី ទើបបុត្រានាយករដ្ឋមន្រ្តី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើសុំឲ្យយកនាងទៅព្យាបាលនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កុម្ភៈ។ នាង ហំ ស្រីលីន ត្រូវគេបញ្ជូនភ្លាមៗទៅដល់មន្ទីរពេទ្យគន្ធបុបា្ផ ទីក្រុងភ្នំពេញ នៅវេលាម៉ោង ៤និង៣០នាទីថ្ងៃដដែលនោះ ក្រោមការពិនិត្យតាមដានពីក្រុមគ្រូពេទ្យយ៉ាងហ្មត់ចត់ជាទីបំផុត។ អ្នកយកព័តមានមិនអាចស្វែងរកការបំភ្លឺពីក្រុមគ្រូពេទ្យគន្ធបុបា្ផទីក្រុងភ្នំពេញបានទេ ប៉ុន្តែតាមព័ត៌មានពីអ្នកថែទាំជម្ងឺរបស់នាង បានបង្ហើបថា ក្រុមគ្រូពេទ្យនិយាយថា ថ្លើម សួត លំពែង ពោះវៀន របស់នាង ហំ ស្រីលីន មានសភាពខូចខាតទាំងស្រុង ។ បើទោះមានការព្យាយាមព្យាបាលយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យនៅទីនោះយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនអាចគេចផុតសេចក្តីស្លាប់បានដដែល។ នាងត្រូវគេបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៧ កុម្ភៈនេះ នៅក្នុងមន្ទីរពេទ្យគន្ធបុបា្ផទីក្រុងភ្នំពេញ ដែលធ្វើអោយអ្នកជួយឧបត្ថម្ភ ធ្លាប់អានដំណឹងនេះ មានអារម្មណ៍សោកស្តាយ និងក្តុកក្តួលជាទីបំផុត ។ ក្រោយការស្លាប់របស់នាង ហំ ស្រីលីន ក្រុមការងាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជំនួយទឹកបា្រក់ចំនួន៧៥០ដុល្លារសហរដ្ឋអាមេរិក និងទឹកបា្រក់ចំនួន១៥០ដុល្លារនិង៥ម៉ឺនរៀលទៀតតាមរយៈក្រុមការងារគេហទំព័រ VD7 ប្រចាំការនៅខេត្តរតនគិរី ដែលជាជំនួយពីសប្បុរសជននៅប្រទេសកូរ៉េលោក សារិទ្ធ ចំនួន៥០ដុល្លា ពីមូលនិធិសង្គ្រោះបឋមនៅប្រទេសកូរ៉េចំនួន១០០ដុល្លា និង៥ម៉ឺនរៀលទៀតពីសប្បុរសជននៅទីក្រុងភ្នំពេញសុំមិនបញ្ចេញឈ្មោះ ប្រាក់ទាំងនេះបានប្រគល់ជូនទៅឪពុកនាងសំរាប់កិច្ចការសពរបស់នាងហើយផងដែរនាថ្ងៃដដែលនេះ។ ដំណឹងចុងក្រោយនេះ សពនាង ហំស្រីលីន ត្រូវគេបូជាតាមការស្នើសុំរបស់ឪពុកនាង នៅក្នុងវត្តព្រែកលាប រាជធានីភ្នំពេញរួចរាល់ហើយផងដែរ ។ បើទោះបីនាងបានលាចាកលោកនេះក៏ពិតមែន ក៏អ្នកដែលធ្លាប់ដឹងដំណឹងរបស់នាងនៅតែនឹកស្រណោះសោកស្តាយ និងចូលរួមមរណៈទុក្ខនេះយ៉ាងក្រៀមក្រំ ព្រមទាំងឧទ្ទិសអោយវិញ្ញាណ្ខន្ធរបស់នាង យោងទៅចាប់កំណើតថ្មីក្នុងសេចក្តីសុខជារៀងរហូតទៅ៕

\

ផ្តល់សិទ្ធិដោយ៖VD7News.com

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor