
ខេត្តសៀមរាប៖ រថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីង បើកបរក្នុងល្បឿនយ៉ាងលឿនដល់ទីប្រជុំជនមិនបានបង្អង់ជើងជ្រុល ក៏ជ្រុលចង្កូតទៅ បុកម៉ូតូពេញទំហឹងបណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នកបើករថយន្តក្រុងត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។
ករណីនេះ បង្កឱ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះ ដោយសារមានមនុស្សយ៉ាងច្រើនបានឈប់មើលនៅមុខផ្សារដំដែក ក្នុងស្រុកសូទ្រនិគម។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ ផ្លូវ ជាតិលេខ៦ ចំនុចមុខផ្សារដំដែក ភូមិ ដំដែកឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរខេត្តសៀមរាបបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងរវាង រថយន្ត ក្រុង របស់ក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរ បានបើកក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូ សេ ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1E-7584 បើកបរស្របទិសគ្នា បំរុងបត់ឆ្វេង មិនបានមើលមុខក្រោយ បណ្តាលឱ្យរថយន្តក្រុង បុកស្លាប់ ខណៈបញ្ជូនទៅដល់ក្នុងមន្ទីរពេទ្យ។
ប្រភពដ៏ដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ ភុត សារឿន ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែក អ្នកបើកបររថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ចែត គាំង ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិអូរស្លែង ឃុំ ដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបររថយន្តម៉ាក ហ៊ី យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3468។
បច្ចុប្បន្នរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរ និងអ្នកបើកបរ និងម៉ូតូជនរងគ្រោះ ត្រូវបាន កម្លាំងនគរបាលជំនាញបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖VD7News.com