
យោងតាមអគ្គស្នងការនគរបាលជាតិបានផ្សាយឲ្យដឹងថា នៅប្រទេសថៃ មានអាកាសយានិកជនជាតិថៃ បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅកណ្ដាលព្រៃនៃចម្ការកៅស៊ូ បន្ទាប់ពីបានខ្ទាតចេញពីយន្តហោះចម្បាំងមួយគ្រឿង ដែលកំពុងហោះហើរ រហូតមកទល់នឹងពេលនេះនៅមិនទាន់ដឹងអំពីមូលហេតុនៃការធ្លាក់នេះនៅឡើយទេ។
បើតាមការផ្សាយរបស់កាសែតដឹលីវ ដែលជាកាសែតក្នុងស្រុក បានអោយដឹងថា នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងភូមិចំរើនសុខ ក្នុងតំបន់ណាឌិនដាំ ស្ថិតក្នុងស្រុកមឿង ខេត្តអ៊ុដនថានី ប្រទេសថៃ មានហេតុការណ៍មួយបានកើតឡើងដោយសារតែមានមនុស្សធ្លាក់ចេញពីយន្តហោះ។
បើតាមការអះអាងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញយន្តហោះមួយគ្រឿងលេខ F១៦ ដែលជាយន្តហោះរបស់កងទ័ពអាកាស បានធ្វើការហោះហើរឆ្លងកាត់តំបន់នេះ ភ្លាមៗនោះដែរក៏ស្រាប់តែមានអាកាសយានិកម្នាក់ដែលនៅក្នុងយន្តហោះបានប៉ើងខ្ទាតចេញមកខាងក្រៅយន្តហោះ ហើយក៏បានធ្លាក់មកដី បើទោះបីជាអាកាសយានិករូបនោះខំប្រឹងបើកឆ័ត្រដើម្បីការពារខ្លួនយ៉ាងណាក៏ដោយក៏សឹងតែហួសពេលដែរ ព្រោះគេបានធ្លាក់មកជិតដល់ដីទៅហើយ ដែលធ្វើអោយឆ័ត្រយោងបានទាក់នឹងមែកឈើ ចំណែកមនុស្សក៏បានធ្លាក់បោកទៅលើដី និងរងរបួសយ៉ាងធ្ងន់ធ្ងរ។
នៅពេលនោះដែរ ទាំងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ និងប្រជាពលរដ្ឋ បាននាំគ្នាដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ ដើម្បីសង្គ្រោះ ព្រោះសភាពអ្នករបួសកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរដែលចាំបាច់ត្រូវសង្គ្រោះបន្ទាន់ នៅទីបំផុត ទើបគេស្គាល់ថា ជនរងគ្រោះមានឈ្មោះ សុខូថៃ សុំសិរីសៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកងទ័ពអាកាសលេខ២៣ និងជាអាកាសយានិកនៃយន្តហោះ F១៦ ក្នុងខេត្តអ៊ុដនថានី ប្រទេសថៃ ហើយបច្ចុប្បន្នគេនៅមិនទាន់ដឹងថា តើមូលហេតុអ្វីដែលធ្វើអោយអាកាសយានិករូបនេះ ត្រូវខ្ទាតចេញពីយន្តហោះនោះឡើយ ដែលនៅពេលនេះដែរ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ហើយ ដោយសារការយកចិត្តទុកដាក់លើការព្យាបាលរបស់ក្រុមគ្រូពេទ្យ៕