
ប្រធានាធិបតី ហ្វីលីពីន ខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមប៉ូលិសពុករលួយ ដែលធ្វើឲ្យលោកអាម៉ាសមុខ ក្រោយពីចាប់ខ្លួន និងសម្លាប់ពាណិជ្ជករ កូរ៉េខាងត្បូង ម្នាក់នៅក្នុងទីស្នាក់ការប៉ូលិស និងជាមូលហេតុដែលធ្វើប្រធានាធិបតីបញ្ឈប់ប៉ូលិសមិនឲ្យបន្តសង្គ្រាមប្រឆាំងថ្នាំញៀន ហើយដកដំណែងប៉ូលិសជាង ២០០ នាក់បញ្ជូនទៅកាន់ភាគខាងត្បូង ដើម្បីប្រយុទ្ធជាមួយជីវពលជ្រុលនិយម ។
នេះជាការបង្ហាញកំហឹង និងការខកចិត្តដ៏ខ្លាំងរបស់លោក រ៉ូទ្រីកូ ឌូតឺតេ ចំពោះស្ថាប័នប៉ូលិស ដោយលោកហៅថាជាក្រុមស្អុយរលួយចេញពីក្នុង ។ ប៉ូលិសទីក្រុង ម៉ានីល ២២៨ នាក់ ជាប់ចោទលើករណីជាច្រើនចាប់ពីកំហុសរដ្ឋបាលរហូតដល់ឧក្រិដ្ឋកម្ម ក្នុងនោះមាន ចាប់ជំរិតនិងចាប់ខ្លួនមនុស្សខុសច្បាប់ ហើយប៉ូលិសមួយចំនួនត្រូវបានគេនាំទៅពិនិត្យរកសារធាតុញៀន ។
លោក ឌូតឺតេ បានបញ្ជាឲ្យបញ្ជូនប៉ូលិសទាំង ២២៨ នាក់ទៅកាន់កោះ Basilan រយៈពេលពីរឆ្នាំជាមូលដ្ឋានរបស់ក្រុមជ្រុលនិយមអាប៊ូសាយ៉ាហ្វ ជាកន្លែងដែលស្ថានីយប៉ូលិសត្រូវបានក្រុមនេះបំផ្ទុះគ្រាប់បែកជាញឹកញាប់ ។ ប្រសិនបើនៅរស់ បានត្រឡប់មកវិញត្រូវឈរក្រោមកម្ដៅថ្ងៃខាងមុខវិមានប្រធានាធិបតី ។
បើស្លាប់នៅលើកោះ Basilan ប៉ូលិសក្នុងតំបន់ត្រូវកប់សាកសពនៅទីនោះជាការស្រេច ។ លោក ឌូតឺតេ បញ្ជាក់ដូច្នេះក្នុងការថ្លែងទៅកាន់ប៉ូលិសនៅខាងមុខវិមានប្រធានាធិបតី ក្នុងទីក្រុង ម៉ានីល ។ ប្រធានាធិបតីបានផ្ដល់ជម្រើសឲ្យប៉ូលិសទាំង ២២៨ នាក់ អាចលាឈប់បាន ប៉ុន្តែពួកគេក៏អាចប្រឈមនឹងទោសជាប់ពាក់ព័ន្ធនឹងថ្នាំញៀនផងដែរ ដោយមានក្រុមមួយតាមដានអ្នកទាំងនោះព្រោះកន្លងមកឧក្រិដ្ឋជនថ្នាំញៀនជាច្រើនគឺជាអតីតប៉ូលិស និងអតីតទាហាន ។ ប្រភពៈ thenational