
ការចាប់ខ្លួនស្ដេចថ្នាំញៀនជនជាតិ ឡាវ កាលពីថ្ងៃទី ១៩ ខែ មករា បានជីកកកាយបណ្ដាញជួញដូរថ្នាំញៀនដែលចាក់ឫសយ៉ាងជ្រៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីប្រទេស ថៃ និងប្រទេស ឡាវ រហូតដល់ប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី ។
ស្ដេចថ្នាំញៀន ហ្សៃសាណា (Xaysana) មានរហស្សនាមថា Mr X ត្រូវបានកុម្ម៉ង់ដូ ថៃ ចាប់ខ្លួនក្នុងទីក្រុង បាងកក កាលពីខែ មករា ធ្វើឲ្យប៉ូលិសរកឃើញមេខ្លោងថ្នាំញៀនជនជាតិ ម៉ាឡេស៊ី ជាច្រើននាក់ផ្សេងទៀត ។
ប្រធានភ្នាក់ងារបង្ក្រាបថ្នាំញៀន ថៃ ឧត្ដមសេនីយ៍ សំម៉ៃ គង់វិសៃសុខ (SommaiKongvisaisuk) និយាយថា មេខ្លោងថ្នាំញៀន ម៉ាឡេស៊ី បានបញ្ជាឲ្យជនជាតិ ម៉ាឡេស៊ី ២១ នាក់ រត់ពន្ធថ្នាំញៀនមេតាំហ្វេតាមីន ២២៦kg និងហេរ៉ូអីុន ៨kg ចូលប្រទេស ថៃ តាមរថភ្លើង ប៉ុន្តែមនុស្ស ១៥ នាក់ ត្រូវបានប៉ូលិស ថៃ ចាប់ខ្លួន ចំណែក ៦ នាក់ គេចខ្លួនតាមរថយន្តទៅកាន់ព្រំដែន ហើយអ្នកទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ដេចថ្នាំញៀន ឡាវ Mr X ។
ករណីមួយផ្សេងទៀត ប៉ូលិស ថៃ បានចាប់ខ្លួនជនជាតិ ម៉ាឡេស៊ី ពីរនាក់រត់ពន្ធយ៉ាម៉ា ២៨២kg ចេញពីប្រទេស ថៃ នៅដើមឆ្នាំ ២០១៦ និងបន្តស៊ើបអង្កេតរហូតចាប់ខ្លួនមនុស្សម្នាក់ជាមួយនឹងថ្នាំយ៉ាម៉ា ៥០០kg នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៦ ហើយអ្នកទាំងនោះក៏ស្ថិតក្រោមបញ្ជាជារបស់ Mr X ដែរ ។ ប៉ូលិស ថៃ ហៅ Mr X អាយុ ៤១ ឆ្នាំ ថាជាស្ដេចថ្នាំញៀននៅអាស៊ាន ដោយសារតែជននេះមានបណ្ដាញជួញដូរស្ទើរគ្រប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែឧត្ដមសេនីយ៍ សំម៉ៃ គង់វិសៃសុខ អះអាងថា នៅមានមេខ្លោងថ្នាំញៀនជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាពនៅអាស៊ីអាគ្នេយ៍ ហើយពួកគេអាចបន្តដំណែងពី Mr X ។
ប្រភពៈ nst
ផ្តល់សិទ្ធិដោយ៖KQUBE