Sponsor

ថ្ងៃ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ សហរដ្ឋ​អាមេរិក ​លោក​ Jim Mattis ​បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​អាកាស​ កូរ៉េខាងត្បូង​ ក្នុង​ទីក្រុង​ សេអ៊ូល​ ជា​កន្លែង​ដែល​លោក​​បាន​ប្ដេជ្ញា​គាំទ្រ​ កូរ៉េខាងត្បូង​ ក្នុង​កិច្ច​ប្រឹងប្រែង​ទប់ទល់​ចំពោះ​ការ​គំរាម​នុយក្លេអ៊ែរ ​និង​មីស៊ីល​ កូរ៉េខាងជើង​ ក្នុង​នោះ​មាន​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​នៅ​លើ​ទឹកដី​ កូរ៉េខាងត្បូង​ ជា​ដើម ។​

ទស្សនកិច្ច​របស់​លោក​ Jim Mattis​ ធ្វើ​ឡើង​ដំណាល​ពេល​ដែល​ប្រទេស​ កូរ៉េខាងជើង ​អះអាង​ថា​កងទ័ព​របស់​ខ្លួន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​មួយ​ទៀត ​ជា​អ្វី​ដែល​អាច​ជា​ការ​ប្រឈម​​ទី​មួយ​របស់​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ ។​

ប្រទេស ​កូរ៉េខាងត្បូង​និង ​សហរដ្ឋ​អាមេរិក ​បញ្ជាក់​ថា​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ បំណង​ដើម្បី​ទប់ទល់​នឹង​សមត្ថភាព​នុយក្លេអ៊ែរ​ កូរ៉េខាងជើង​ ព្រមទាំង​អំណាច​​មីស៊ីល​របស់​ប្រទេស​នេះ​ ដែល​កើន​ឡើង​កាន់​តែ​ខ្លាំង​ ទោះជា​សហគមន៍​អន្តរជាតិ​​ព្យាយាម​ទប់ស្កាត់​​សកម្មភាព​​អភិវឌ្ឍ​អាវុធ​របស់​ទីក្រុង ​ព្យុងយ៉ាង ​យ៉ាង​ណា​ក៏​ដោយ ។​

រដ្ឋមន្ត្រីការពារជាតិ​ អាមេរិក​ ទំនង​ជា​មាន​បំណង​បង្ហាញ​ដល់​សម្ព័ន្ធ​មិត្ត​ទ្វីប​អាស៊ី​របស់​ខ្លួន​ខ្លួន​នូវ​ការ​គាំទ្រ​ និង​ការពារ​ ក្រោយ​ពី​មានមន្ទិល​សង្ស័យ​ក្នុង​ទីក្រុង ​សេអ៊ូល​ និង​ ទីក្រុង​ តូក្យូ​ ដោយសារ​ការ​សន្យា​របស់​លោក​ ដូណាល់ ត្រាំ​ អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា​ កូរ៉េខាងត្បូង​ និង​ ជប៉ុន​ គួរ​ចំណាយ​ដើម្បី​ការពារ​ខ្លួន​ឯង​ ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​ អាមេរិក​ ដើម្បី​ការពារ​ឡើយ ។​ លោក​ Jim Mattis​ នឹង​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ ជប៉ុន​ ព្រមទាំង​ជួប​សមភាគី​ ជប៉ុន​ ក្នុង​ទីក្រុង​ តូក្យូ ។​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor