Sponsor

​ជីវិត​និង​ការ​សិក្សា​៖ តាម​ផ្នត់គំនិត​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​គិត​ថា​ ស្ត្រី​មាន​ឧបសគ្គ​ច្រើន​ជាង​បុរស ដូច្នេះ​ការ​សិក្សា​របស់​ស្ត្រី​តែងតែ​បោះបង់​ដោយ​ប្រការ​ផ្សេង​ៗ ដែល​ពួក​គេ​ជួប​ប្រទះ។​ ចំណែក​​ស្ត្រី​មួយ​ចំនួន​ទៀត​ ក៏​បាន​ចុះ​ចាញ់​តែ​ម្ដង​នៅ​ពាក្យ​មួយ​ឃ្លា​ថា​ «ស្ត្រី​វិល​ចង្ក្រាន​មិន​ជុំ» ដូច្នេះ​មិន​ចាំ​បាច់​រៀន​ច្រើន​ពេក​ទេ ព្រោះ​អនាគត​គង់​តែ​មាន​ប្តី និង​នៅ​ផ្ទះ​មើល​ថែ​កូន​ប៉ុណ្ណោះ​។ ​

ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ​ ​បាន​ធ្វើ​ឲ្យស្ត្រី​វ័យ​៥៦​ឆ្នាំ​ម្នាក់​ ឈ្មោះ ស៊ឹម សម្បត្តិ ​តូច​ចិត្ត​យ៉ាង​ខ្លាំង​ និង​បាន​ទម្លាយ​នូវ​ប្រវត្តិ​នៃ​​ការ​សិក្សា​របស់​លោក​ស្រី​ដល់​គេហទំព័រ​ព័ត៌មាន Kqube.net ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ​១៩៩៧ ​ពេល​កូន​ប្រុស​ពៅ​មាន​អាយុ​បី​ខែ​ លោក​ស្រី​បាន​ឆ្លៀត​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស​ នៅ​សាលា​ IFL នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដោយ​ទុក​កូន​ឲ្យ​ម្ដាយ​ និង​ប្ដី​ជួយមើល​ថែ​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ​បើ​ទោះ​ជា​ខ្លួន​មាន​កូន​មាន​ប្តី​ហើយ​ក៏ដោយ ​ប៉ុន្តែ​មិន​ទុក​ឲ្យ​ខ្លួន​ឯង​នៅ​ទំនេរ​ឥត​ប្រយោជន៍​ឡើយ ព្រោះ​តែ​ចង់​ជៀស​ឲ្យ​ផុត​ពី​ពាក្យ​គេ​ថា ​«ស្ត្រី​មិន​អាច​វិល​ចង្ក្រាន​ជុំ» ​ទីបំផុត​នៅ​ឆ្នាំ​២០០១ លោក​ស្រី​ទទួល​ជោគជ័យ​ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​លុះ​ឆ្នាំ​២០១២​​កន្លង​ទៅ​ថ្មី​ៗ​ ទើប​លោក​ស្រី​ចាប់​ផ្តើម​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត​ជំនាញ គណនេយ្យ និង​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ​គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ លទ្ធផល​នៃ​ការ​បញ្ចប់​ការ​សិក្សា​របស់​លោក​ស្រី កាល​ពី​ឆ្នាំ​២០១៤ ដែល​ទើប​តែ​ទទួល​បាន​សញ្ញាប័ត្រ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧​នេះ ដោយ​សូម្បី​តែ​លោក​គ្រូ អ្នក​គ្រូ​ប្រចាំ​សាលា​ក៏​សរសើរ​មិន​ដាច់​ពី​មាត់ នៅ​លទ្ធផល​នៃ​ការ​សិក្សា​ល្អ​ឥត​ខ្ចោះ​ ពិន្ទុ A រហូត​ ៩​មុខ​វិជ្ជា B+ ៤​មុខវិជ្ជា និង​ទាប​បំផុត​និទ្ទេស​ B ចំនួន​៣​មុខ​វិជ្ជា​។ ​គួរ​រម្លឹក​ថា ​អ្នក​ស្រី​ ស៊ឹម សម្បត្តិ ​កាល​ពី​នូវ​កុមារភាព​ក៏​មាន​ប្រវត្តិ​តស៊ូ​ក្នុង​ការ​សិក្សា​ខ្លាំង​សម្បើម​ដែរ​ ខណៈ​សម័យ​នោះ​ប្រទេស​កម្ពុជា​ លាយឡំ​នៅ​ក្នុង​ភ្លើង​សង្គ្រាម​​ទៀត​ផង​។

ដើម្បី​ជ្រាប​ច្បាស់​អំពី​ប្រវត្តិ​ជីវិត ​ការងារ ​និង​ការ​សិក្សា​របស់​លោក​ស្រី សូម​ទស្សនិកជន​ទាំង​អស់​គ្នា​ទស្សនា​នៅ​បទ​សម្ភាស​ជា​វីដេអូ​ខាង​ក្រោម​នេះ​ដូច​ត​ទៅ៖

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor