
ប៉ូលិសថៃបានឲ្យដឹងថ្មីៗនេះថា ពួកគេទើបតែបានរកឃើញគម្រោងលួចធ្វើឃាតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ក្រោយពីបានរឹបអូសឃ្លាំងអាវុធមួយកន្លែងរបស់ក្រុមសកម្មជនប្រឆាំងរបបសឹក (junta) ដោយពួកគេបានប្រទះឃើញគ្រឿងសព្វាវុធជាច្រើន ដែលជឿជាក់ថាជាកម្មសិទ្ធិរបស់សមាជិកចលនាក្រុមអាវក្រហម និងជាក្រុមនយោបាយមួយទាក់ទិននឹងនាយករដ្ឋមន្ត្រីនិរទេសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាទៀតផង។
លោក Jakthip Chaijinda មេនគរបាលថៃបានឲ្យអះអាងថា "យើងបានរកឃើញកាំភ្លើងវែង រួមជាមួយកែវយឹត ដោយធានាថា នេះមិនមែនសម្រាប់បាញ់សត្វនោះទេ តែវាគឺជាការត្រៀមទុកសម្រាប់ធ្វើឃាតមេដឹកនាំប្រទេស សំដៅលើលោកនាយករដ្ឋមន្ត្រីចាន់ អូឆា"។
ទន្ទឹមនិងបញ្ហានេះដែរ កម្លាំងប៉ូលិសបានចុះចាប់ខ្លួនជនសង្ស័យ ៩នាក់ ចំពេលដែលពួកគេឆែកឆេរឃើញកាំភ្លើងវែងរាប់សិបដើម និងគ្រាប់បែកដៃជាច្រើនទៀត នៅក្នុងផ្ទះរបស់លោក វុទ្ធិពុង ដែលរូបលោកជាអតីតមេដឹកនាំក្រុមអាវក្រហម កាលពីជំនាន់មានរដ្ឋប្រហារ ក្នុងឆ្នាំ២០១៤ តែយ៉ាងណាមិញលោកមេនគរបាលខាងលើពុំបានបញ្ជាក់ប្រាប់ពីភស្តុតាងច្បាស់លាស់ផ្សេងទៀតនៅឡើយទេពាក់ព័ន្ធទៅនឹងគម្រោងលួចធ្វើឃាតនេះ៕ ប្រភព៖ Channel News Asia

ផ្ដល់សិទ្ធិដោយ៖KQUBE