
ខេត្តកណ្ដាល៖ ឃាត់ខ្លួនស្ត្រីម្នាក់នៅថ្ងៃទី៣១មិនា២០១៧នេះ ពីបទឆបោកកាលពីថ្ងៃទី ២៣.០១.២០១៧ នៅចំណុច ផ្ទះជួលលេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ជនរងគ្រោះ០២នាក់ ៖ទី១-ឈ្មោះ កែវ ដា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។ទី២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
ស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ចេង ប៊ែ (ហៅ ហេង ពៅ) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងដកហូតរួមមាន ៖ទី១-គ្រឿងអល័ង្កា(ខ្សែកកាឡៃ) ០៦ខ្សែទី២-ចិញ្ចៀនកាឡៃ០១វង់ទី៣-ខ្សែជើងកាឡៃ ០១គូ ទី៤-ខ្សែដៃដាំត្បូងពណ៌ស កាឡៃ ០១ខ្សែទី៥-ទូរស័ព្ទចល័ត០១គ្រឿង ទី៦-ថង់ក្រណាត់ពណ៌ក្រហម០១ ។ទី៧-កាបូបស្ពាយ ចំនួន ០១ ។

យោងតាមបានអោយដឹងថា ជនសង្ស័យ និងជនរងគ្រោះ កែវ ដា គឺជាអ្នកទើបតែស្គាល់គ្នា និងរកស៊ីទទួលបញ្ចាំជាមួយគ្នា ព្រមទាំងស្នាក់ នៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ ។លុះនៅថ្ងៃទី ២៣ខែមករាឆ្នាំ ២០១៧ វេលាម៉ោង២០:០០នាទី ជនសង្ស័យ ចេង ប៊ែ បានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយទៅដាក់បញ្ចាំជាមួយជនរងគ្រោះ កែវ ដា ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល ឲ្យយកមកបញ្ចាំក្នុងតម្លៃ ៣.០០០ដុល្លារ ពេលនោះឈ្មោះ កែវ ដា បានទទួលយកខ្សែដៃនោះដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ ហើយបានប្រគល់ប្រាក់ទៅឲ្យ ចេង ប៊ែ ៣.០០០ដុល្លារ ។ ក្រោយមកនៅប្រមាណជា០៣ម៉ោង នៅយប់ថ្ងៃដដែល ជនសង្ស័យ ក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែម ៣.០០០ដុល្លារ ទៀតដោយនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម ពេលនោះដោយសារតែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានឲ្យប្រាក់ទៅ ចេង ប៊ែ ៣.០០០ដុល្លាត ទៀត ។ លុះព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានការសង្ស័យទៅលើខ្សែដៃនោះក៏បានយកទៅឲ្យគេពិនិត្យទើបដឹងថា ជាខ្សែដៃក្លែងក្លាយ ។

ជនរងគ្រោះ កែវ ដា ក៏បានត្រឡប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបានប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅជនសង្ស័យថាពុំធ្លាប់ស្គាល់នោះទេ ។ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និងស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ចេង ប៊ែ(ហៅ ហេង ពៅ)បានសារភាពថា ខ្លួនពិតជាបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ៦.០០០ដុល្លារ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕ ដោយ៖ (សុខសាន្ត)

ផ្ដល់សិទ្ធិដោយ៖VD7News