បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា លោកឪពុកបង្កើត ម៉ាដុត ដែលជាកូនចិញ្ចឹមរបស់តារាសម្តែងហូលីវូដ លោកស្រី Angelina Jolie ហើយក៏បានក្លាយជាប្រធានបទមួយក្ដៅសម្រាប់មិត្តអ្នកលេងក្នុងសង្គមហ្វេសប៊ុកនោះ នៅម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ លោក ម៉ោញ សារ៉ាត់ បានបដិសេធន៍ដាច់អហង្ការថា លោកមិនបានដាក់ពាក្យបណ្ដឹងប្តឹង ម្តាយចិញ្ចឹមម៉ាដុតទេ។
ឪពុកបង្កើត ម៉ាដុត រូបនេះលើកឡើងទៀតថា ប្រសិនបើជាការពិតចុះ ហេតុអ្វីមិនយកពាក្យបណ្តឹងមួយនោះ មកបង្ហាញជាភស្តុតាងជូនសាធារណជនឲ្យបានមើលឃើញនិងដឹងឮទៅ ថាតើលោកបានដាក់ពាក្យបណ្ដឹងនោះតាំងពីពេលណា ហើយប្តឹងនៅសាលាដំបូងខេត្តណា?
ជាមួយគ្នានេះលោកក៏ទទូចសុំកុំបកស្រាយអ្វីឲ្យហួសហេតុផលទាក់ទងដល់ជីវិតឯកជនរបស់ Jolieផងដែរ។ ចង់ដឹងថា ខ្លឹមសារដើមដែល លោក ម៉ោញ សារ៉ាត់ លើកបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការខ្លួនយ៉ាងដូចម្តេចនោះ សូមអានសំណេរខាងក្រោមនេះ៖
"ចេះតែមាន រឿងប្លែកៗ!
-------------
នៅសុខៗមានរឿង ប្តឹងផ្តល់មកពីណា? បើជាការពិតចុះហេតុអ្វីមិនយកពាក្យបណ្តឹងហ្នុងមកបង្ហាញសាធារណេៈជនឲ្យគេមើលផង ហើយប្តឹងនៅសាលាក្តីណា ពីពេលណា?។ ខ្ញុំសូមធ្វើសំណូមពរយ៉ាងទទូចសូមមេត្តាកុំបកស្រាយអ្វីអោយហួសហេតុផលទាក់ទងដល់ជីវិតឯកជនរបស់ Jolie ដាច់ខាត !
ដើម្បីអោយអស់មន្ទិលសង្ស័យអំពីបញ្ហាការលេចឭពាក្យចរចាមអារាមលើបណ្តាញសង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូមបដិសេធទាំងស្រុងនិងពុំបានដឹង ពុំទទួលខុសត្រូវចំពោះការផ្សព្វផ្សាយទាំងឡាយណាដែលទាក់ទងនិងព័ត៌មានទាំងនេះទេ។ សូមអរគុណចំពោះការយកចិត្តទុកដាក់ដល់រូបខ្ញុំ"៕
ផ្ដល់សិទ្ធិដោយ៖KQUBE

