
ខ្សែការពារ Luke Shaw នឹងអាចនឹងអនុញ្ញាតឲ្យចាកចេញពីក្លឹប Manchester United ក្នុងរដូវកាលនេះ ដើម្បីឲ្យរូបគេបានបង្ហាញថ្វីជើងនៅកន្លែងផ្សេងទៀត។ កីឡាករវ័យ២១ឆ្នាំ ទើបតែបានចូលលេងត្រឹមមួយប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល៤ខែកន្លះ ក្រោមការដឹកនាំរបស់លោក Jose Mourinho ហើយពេលនេះ រូបគេត្រូវបានដកចេញពីបញ្ជីកីឡាកររបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ហើយ។
ក្លឹបលេងក្នុងពាន Premier League ដូចជា៖ Stoke City និង Crystal Palace បានបង្ហាញការចាប់អារម្មណ៍ ហើយ Shaw ត្រូវបានគេជឿជាក់ថាអាជីពរបស់គាត់ នឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើរូបគេចាកចេញក្នុងថ្ងៃបិទទីផ្សាដោះដូរកីឡាករ។
កីឡាករសញ្ជាតិអង់គ្លេស បានចូលលេងក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose ក្នុងដំណែងខ្សែការពារស្លាបឆ្វេងទល់នឹង Watford ប៉ុន្តែរូបគេត្រូវបានរិះគន់ពីទម្រង់លេងពេលនោះ ហើយក្នុងរដូវកាលទាំងមូលរូបគេបានចូលលេងត្រឹមតែ១៥ប្រកួតប៉ុណ្ណោះ។
បិសាចក្រហមបានទិញ Luke Shaw ក្នុងតម្លៃបំបែកឯកត្តកម្មខ្សែការពារវ័យក្មេងថ្លៃបំផុតក្នុងពិភពលោកគឺ៣១.៥លានផោនពីក្លឹប Southampton កាលពីឆ្នាំ ២០១៤ ប៉ុន្តែរូបគេបានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ ២០១៥ធ្វើឲ្យទម្រង់លេងរបស់កីឡាកររូបនេះធ្លាក់ចុះយ៉ាងខ្លាំង៕

ផ្ដល់សិទ្ធិដោយ៖KQUBE