Sponsor
Pisey

សិល្បៈ ៖ កាល​ពី​ថ្ងៃ​ទី​២៥​ មេសា​ឆ្នាំ​២០១៧​នេះ​ ក្រសួង​វប្បធម៌​បាន​សម្រេច​បិទ​គ្រប់​សកម្មភាព​សិល្បៈ​តារា​សម្ដែង​កញ្ញា ដេនីក្វាន់ រហូត​ព្រមាន​ដល់​ផលិតកម្ម​ក្នុងស្រុក បើ​នៅ​តែ​គឃ្លើន​យក​តារា​រូប​នេះ​ឲ្យ​សម្ដែង​ភាព​យន្ត​ ឬ​ការងារ​សិល្បៈ​ផ្សេង​ៗ​នឹង​ត្រូវ​ពិន័យ​បិទ​មិន​ឲ្យ​បញ្ចាំង​ឡើយ។​ វិធានការ​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​បាន​លើក​ជា​សំណួរ​​ថា​ តើ​វាសនា​ភាពយន្ត​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" ទៅ​ជា​យ៉ាង​ណា ​​នៅ​ពេល​​តួឯក​ស្រី​ទទួល​ការ​ពិន័យ​ ខណៈ​ដែល​រឿង​មួយ​នេះ​គ្រោង​ដាក់​បញ្ចាំង​ ?

តារា​សម្ដែង​ដ៏​សិច​ស៊ី​កញ្ញា​ ដេនីក្វាន់​ ត្រូវ​ក្រសួង​វប្បធម៌​បាន​ចេញ​សេចក្ដី​ប្រកាស​សម្រេច​បិទ​សកម្មភាព​សិល្បៈ​រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​២៥​​មេសា​តទៅ។​ ក្នុង​នោះ​លិខិត​ខាង​លើ​ក៏​បាន​បញ្ជាក់​ថា​ សម្រាប់​សកម្មភាព​សិល្បៈ​ដែល​តារា​ស្រី​រូប​បង្ហាញ​មុន​ថ្ងៃ​ប្រកាស​គឺ​បាន​អនុញ្ញាត​ឲ្យ​ចេញ​បញ្ចាំង​ធម្មតា​ ប៉ុន្តែ​សម្រាប់​ការងារ​ថ្មី​ក្រោយ​ថ្ងៃ​ទី​២៥​គឺ​មិន​បាន​អនុញ្ញាត​ឡើយ​។ ចំណុច​នេះ​ធ្វើ​ឲ្យ​មាន​មតិ​ជា​ច្រើន​បាន​ចោទ​សួរ​គ្នា​ថា​ នៅ​ពេល​ភាពយន្ត​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" សម្ពោធ​ដាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ​ ​តើ​អាច​មាន​វត្តមាន​តួឯក​ស្រី​ ដេនីក្វាន់​ ចូល​រួម​ដែរ​ទេ ​? 

ជុំវិញ​ការ​លើក​ឡើង​នេះ​ពេល​លោក តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន ​Kqube.net​ សួរ​បញ្ជាក់​ពី​លោក​ សែម វិសាល ​ចាងហ្វាង​ផលិតកម្ម​ Wonderfilm លោក​បាន​ប្រាប់​ថា​ មក​ដល់​ថ្ងៃ​នេះ​ភាពយន្ត​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" របស់​លោក​មិនទាន់​សម្រេច​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ណា​ប្រាកដ​ទេ​ ពោល​គឺ​​ភាពយន្ត​មួយ​នេះ​នៅ​បន្ត​ពិនិត្យ​ពណ៌ និង ​Soud​ បន្ថែម​ទៀត​។ ដោយឡែក​សម្រាប់​វត្តមាន​ ដេនីក្វាន់​ អាច​មាន​ឱកាស​បង្ហាញ​មុខ​ក្នុង​ពិធី​សម្ពោធ​ ឬ​អត់​នោះ​លោក​មិនទាន់​ឆ្លើយ​ចេញ​ទេ​ ព្រោះ​រឿង​នេះ​លោក​នឹង​ត្រូវ​ពិភាក្សា​ជា​មួយ​ក្រសួង​បន្ថែម​ទៀត ​ដូច្នេះ​ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​នៅ​មិនទាន់​ដឹង​ទេ​។

ខណៈ​ដែល​ជោគវាសនា​ភាពយន្ត​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" មិនទាន់​អាច​កំណត់​បាន​ ព្រោះ​តួឯក​ស្រី​កំពុង​ជួប​ព្យុះ​ភ្លៀង​នោះ​លោក​ សែម វិសាល ​ក៏​បាន​អះអាង​ដែរ​ថា​ សម្រាប់​ការ​ជោគជ័យ​ ឬ​មិន​ជោគជ័យ​រឿង​ "ផ្ទះ​ចិញ្ចឹម​ខ្មោច​" មិនមែន​ផ្ដោត​ទៅ​លើ​តែ​ ដេនីក្វាន់ ម្នាក់​ទេ​ ទោះ​ជា​នាង​ជា​តួឯក​ក៏​ដោយ ​គឺ​រឿង​របស់​លោក​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​សម្រាប់​ទាញ​យក​ការ​គាំទ្រ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor