
(បន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍ប៉ោយប៉ែត នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ ឈាន ពិសិដ្ឋ បានបាញ់មន្រ្តីនគរបាលធ្វើការជាមួយគ្នាជាច្រើនគ្រាប់តែសំណាងល្អ មិនប៉ះពាល់ដល់អាយុជីវិតគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។
ប្រភពពីមន្ត្រីអន្តោប្រវេសន៍ប្រចាំក្នុងច្រកព្រំដែនខាងលើបន្តថា អ្នកដៃដល់មានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានប្រើប្រាស់អាវុធខ្លី ម៉ាកហ្វេអាកុល បានបាញ់ទៅលើ លោក សេម មករា នាយរដ្ឋបាល ចំស្មាខាងឆ្វេងបណ្ដាលឲ្យដាច់រលាត់ ហើយគ្រាប់បន្តបន្ទាប់ មិនផ្ទុះត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ ជួយទាន់ពេលវេលា ហើយចាប់ដកកាំភ្លើងតែម្តង។
សមត្ថកិច្ចបន្តថា ភ្លាមនោះត្រូវបានកម្លាំងចាប់ឃាត់ខ្លួនលោក ឈាន ពិសិដ្ឋ តែជនដៃដល់រត់គេចឡើងលើរថយន្តគេចខ្លួនបានដោយសុវត្ថិភាព។ លោក សេម មករាដែលជាជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកកើតហេតុគឺលោក បានទទួលបទបញ្ជាពីនាយប៉ុស្តិ៍ ឲ្យហៅបុគ្គល២រូបមកធ្វើការអប់រំ។ ពេលនោះឈ្មោះ ឈាន ពិសិដ្ឋ និងឈ្មោះ គឹម កែវរក្សា ជាមន្ត្រីបែបបទចូល ក៏បានជិះរថយន្តមកដល់ហើយឈាន ពិសិដ្ឋ ក៏បានស្រែកជេរខ្លាំងៗ ទៅលើលោកតែម្តងដោយមិនបានដឹងពីមូលហេតុ អ្វីច្បាស់លាស់ឡើយ។
លឺដូច្នេះលោកក៏បានចេញពីបន្ទប់មកសួរនាំហើយ ក៏ដើរចូលទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោកក្នុងចេតនាប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បានត្រឹមតែកេតស្មា រងរបួសតិចតួចប៉ុណ្ណោះ។ រឿងហេតុខាងលើនេះ សមត្ថកិច្ច បានហៅជនរងគ្រោះ ទៅធ្វើរបាយការណ៍នៅឯភ្នំពេញ រីឯជនបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ប្រមាញ់ យកមកផ្ដន្ទាទោសតាមច្បាប់៕





