
សិល្បៈ ៖ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ តារាចម្រៀងមួយចំនួនបានរយាលពីការងារសិល្បៈខ្លះហើយ តែសម្រាប់តារាចម្រៀងល្បីឈ្មោះ សុខ ពិសី នៅតែមមាញឹក។ យ៉ាងណាមិញ ក្រោយពីពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ សុខ ពិសី ទទួលបានលាភធំភ្លែត គឺត្រូវបានក្រុមហ៊ុនទឹកផ្លែឈើល្បីឈ្មោះមួយកុងត្រាថតពាណិជ្ជកម្ម ដែលទទួលបានលុយដុល្លារទាំងដុំតែម្ដង។
ក្រៅពីការងារចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រី ដែលអាចកើបលុយយ៉ាងច្រើនតាំងពីដើមឆ្នាំមក សុខ ពិសី ក៏ថតផ្សព្វផ្សាយពាណិជ្ជកម្មបានចំនួនបួនផលិតមកហើយដែរ មានដូចជាម្សៅលាបមុខ Pixy ខោទ្រនាប់ សៀងលាង ម៉ាស់បិទមុខ អូរូរ៉ា និងស្រាបៀ Gangberg ផងដែរ ។ ដោយឡែកក្រោយពិធីបុណ្យចូលឆ្នាំនេះ សុខ ពិសី ទើបតែធ្វើកុងត្រាថតស្ពតថ្មីមួយទៀតឲ្យក្រុមហ៊ុនទឹកផ្លែឈើល្បីឈ្មោះមួយ ប៉ុន្តែនាងសុំមិនទាន់ប្រាប់ឈ្មោះទេ ព្រោះការងារនេះទើបសម្រេចបានប្រមាណជា៩៥ភាគរយទេ។

សុខ ពិសី បន្តថា សម្រាប់ការងារកុងត្រាថតស្ពតខាងលើនេះ នាងអាចនិយាយបានថា ជាការងារសិល្បៈធំដែលទទួលបានតម្លៃពេញចិត្ត បើធៀបទៅហ្នឹងស្ពតពីមុន។ សុខ ពិសី បន្តថា ពាក់ព័ន្ធតម្លៃទោះជានាងមិនអាចបញ្ជាក់បានតែនាងអាចនិយាយបានថា ស្ពតនេះធំ ឬជាលាភធំសម្រាប់ក្រោយពិធីបុណ្យឆ្នាំចប់ទៅ ព្រោះការងារនេះក្រោយពិធីបុណ្យចូលឆ្នាំចប់ភ្លាមអ្វីក៏សម្រេចបានយ៉ាងល្អ ពោលគឺនៅតែការងារចូលច្រៀងបទសម្រាប់បញ្ចូលក្នុងស្ពតតែប៉ុណ្ណោះ៕
