Sponsor
Pisey

ភាព​តាន​តឹង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ៗ​ បន្ទាប់​ពី​អាមេរិក​បាន​បាញ់​មីស៊ីល​ចំនួន​ ៥៩គ្រាប់​ទៅ​កាន់​មូលដ្ឋាន​អាកាស​របស់​ប្រទេស​ស៊ីរី​ ប្រឆាំង​នឹង​ប្រធានាធិបតី​ លោក​ អាល់ អាសាដ​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​​រុស្ស៊ី​។ អាមេរិក​អះអាង​ថា​ មេដឹកនាំ​ស៊ីរី និង​រុស្ស៊ី​ បាន​ប្រើ​អាវុធ​គីមី​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​អុីស្លាម​ (ISIS) ​សម្លាប់​ជន​ស៊ីវិល​រាប់​រយ​នាក់​ កាល​ពី​ដើម​ខែ​មេសា​កន្លង​មក​នេះ​។

បើ​តាម​ការ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី (Russia Today) នា​ពេល​ថ្មី​ៗ​នេះ​​បាន​ឲ្យ​ដឹង​ថា​ រដ្ឋ​លេខាធិការ​ការពារ​ជាតិ​អាមេរិក​លោក​​​ ចែម ​មែត ​( Jim Mattis) ​បាន​ធ្វើ​ការ​បង្ហាញ​នូវ​ភស្តុតាង​ និង​ការ​អះអាង​ជាក់លាក់​មួយ​​ពី​ក្រុម​យោធា​ជំនាញ​​របស់​ខ្លួន​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា ​ជា​អ្នក​ផ្ដល់​សព្វាវុធ​យោធា​ធន់​ធ្ងន់​ជា​ច្រើន​ ទៅ​ឲ្យ​​ឧទ្ទាម​អុីស្លាម​អេមីរ៉ាត​ ឬ​ ពួក​តាលីបង់​ (Taliban)​។

ទន្ទឹម​នឹង​នេះ​ រដ្ឋ​លេខាធិការ​ការពារ​ជាតិ​អាមេរិក​រូប​នេះ​​ បាន​ថ្លែង​ខណៈ​ដែល​ប្រជុំ​ជាមួយ​​នាយក​រដ្ឋមន្ត្រី​អាហ្វហ្គានីស្ថាន​លោក​ (Ashraf Ghani) ​ដោយ​សង្កត់​ធ្ងន់​ថា​ "ការ​ផ្ដល់​ជំនួយ​ជា​សព្វាវុធ​មក​ពី​បរទេស​ គឺ​ជា​អំពើ​ខុស​ឆ្គង​មួយ​ដ៏​ធ្ងន់ធ្ងរ​ និង​បំពាន​ច្បាប់​​អន្តរជាតិ​។ ទីក្រុង​វ៉ាស៊ីងតោន​នឹង​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ ហើយ​ប្រសិន​ប្រទេស​មហា​អំណាច​មួយ​នេះ​​ ពិតជា​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​នោះ​ មហាអំណាច​ទាំង​ពីរ​នឹង​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជាក់​ជា​មិន​ខាន​”

គួរ​បញ្ជាក់​ថា​ បើ​តាម​ការ​អះអាង​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​បាន​ផ្ដល់​កាំភ្លើងយន្ត​ និង​កាំភ្លើង​ធន់​មធ្យម​ផ្សេង​ៗ​ទៀត​ ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​អុីស្លាម​ អេមីរ៉ាត​ (Taliban) ដែល​មាន​​មូលដ្ឋានទ័ព​ជា​ច្រើន​កន្លែង ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​បដិសេធ​ថា​ វា​ពុំ​មាន​ភស្តុតាង​ច្បាស់លាស់​នោះ​ឡើយ​៕ 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor