
ខេត្តតាកែវ ៖ បុរសម្នាក់បានយកស្រាធ្វើជាត្រីមុខ លេងស្គាល់ប្រពន្ធ លេងស្គាល់កូន ដោយសារតែឥទ្ធិពលនៃសុរ៉ា ចូលពេញខ្លួន បានយកកាំបិត និងដែកបំពង់ទីប ដេញកាប់ប្រពន្ធ រត់ពេញភូមិ តែសំណាងល្អប្រពន្ធ បានរត់គេចខ្លួន រួចកុំអីមិនដឹងទៅជាយ៉ាងណាទេ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងធ្នង់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រុន ផាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យដែលស្រវឹង(ខួប) ហើយតែងតែប្រើអំពើហឹង្សាលើគ្រួសារនេះ មិនមែនទើបតែលើកទី១ទេ ច្រើនលើកច្រើនសារមកហើយ ដែលសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកមកអប់រំណែនាំនោះ តែជននេះនូវតែមិនកែខ្លួនដដែល លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើ បានប្រើអំពើហិង្សា មកលើប្រពន្ធរបស់ខ្លួន ដោយយកកាំបិតហើយ និងដែកបំពង់ទីប ដេញកាប់ប្រពន្ធ ដែលមានឈ្មោះដួង សែស អាយុ៤៨ឆ្នាំ រត់បាតជើងសព្រាត ដោយទ្រាំនិងទង្វើរបស់ប្តីប្រមឹកនេះលេងបានតទៅទៀត ស្ត្រីជាប្រពន្ធក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឱ្យចាត់ការទៅតាមផ្លូវច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដែលត្រូវជាប្រពន្ធរួចមក នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះទៅធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ រួមនិងវត្ថុតាងយកទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តតាកែវ ចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ ដោយ សុខន
