
និស្សិតពីរនាក់ស្លាប់ក្នុងការធ្វើបាតុកម្ម ដឹកនាំដោយបក្សប្រឆាំងក្នុងប្រទេស វេណេហ្ស៊ុយអេឡា ក្រោយពីមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសប្រឆាំងកុប្បកម្ម ។ នេះគឺជាការប្រឆាំងចំពោះរដ្ឋាភិបាលដឹកនាំដោយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលគណបក្សប្រឆាំងនឹងប្រជាជនបន្ទោសថា ធ្វើឲ្យប្រទេសមានវិបត្តិសេដ្ឋកិច្ចរាំរ៉ៃ ។
ស្ត្រីម្នាក់ដែលជានិស្សិតម្នាក់ស្លាប់ក្នុងការធ្វើបាតុកម្មក្នុងទីប្រជុំជនក្បែរព្រំដែនប្រទេស កូឡុំប៊ី ដោយសារការបាញ់រះរបស់បុរសជិះម៉ូតូ ។ ចំណែកនិស្សិតអាយុ ១៨ ឆ្នាំម្នាក់ ស្លាប់ក្នុងទីក្រុង ការ៉ាកាស ក្នុងពេលដែលនិស្សិតនោះដើរទៅកន្លែងលេងបាល់ទាត់ ដំណាលពេលដែលប៉ូលិសកំពុងបង្ក្រាបទៅលើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រឆាំង ។
បាតុកម្មដែលចាប់ផ្ដើមកាលពីដើមសប្ដាហ៍ មានចំនួនមនុស្សកើនឡើងដល់រាប់ពាន់នាក់ ដោយពួកគេចោទប្រកាន់ប្រធានាធិបតីចំពោះការបំផ្លាញប្រជាធិបតេយ្យ និងធ្វើឲ្យប្រទេសសម្បូរដោយធនធានប្រេងធ្លាក់ចូលទៅក្នុងចលាចល ។ ចំណែកលោកប្រធានាធិបតី ម៉ាឌូរ៉ូ អះអាងថា បាតុកម្មនេះ ធ្វើឡើងក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាល ដើម្បីបញ្ចប់របបសង្គមនិយមក្នុងប្រទេស វេណេហ្ស៊ុយអេឡា ។