
រាជធានីភ្នំពេញ-ឡុងដ៍៖ គ្រឿងអលង្ការមាសសម័យអង្គរសម្រាប់តាំងលម្អលើចម្លាក់របស់ខ្មែរសម័យអង្គារ ដែលត្រូវបានជនទុច្ចរិតបានលួចយកទៅលក់នៅក្រៅប្រទេសអស់រាប់ឆ្នាំនោះ នៅថ្ងៃទី ២០ ខែមេសា ម្សិលមិញបានត្រឡប់មកជាកម្មសិទ្ធិកម្ពុជានិងប្រជាពលរដ្ឋខ្មែរវិញ ក្រោយពីទីភ្នាក់ងារលក់វត្ថុបុរាណ Johnnathan Tucker Antonia Tozer Asian Art បានស្ម័គ្រចិត្តប្រគល់ ឈុតគ្រឿងអលង្ការមាសនោះឲ្យរាជរដ្ឋាភិបាល កម្ពុជា។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ដែលចេញផ្សាយនៅរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០១៧នេះ បានបញ្ជាក់ថា ឈុតគ្រឿងអលង្ការមាស នាសម័យអង្គរដែលមានតម្លៃមហាសាលនិងមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិខ្មែរនេះ ត្រូវបានប្រគល់តាមរយៈឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងមន្ត្រីក្រសួងវប្បធម៌ ព្រមទាំងលោកស្រី Katherine McGinnមន្រ្តីការិយាល័យទទួលបន្ទុកប្រចាំកម្ពុជា ឡាវ សិង្ហបុរី អាស៊ាននិង ASEM នៃក្រសួងការបរទេស The Commonwealth នៃចក្រភពអង់គ្លេស និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌បានប្រាប់ KQUBE តាមទូរស័ព្ទថា ឈុតអលង្ការមាសលម្អចម្លាក់សម័យអង្គរ គេមិនបានបញ្ជាក់ទម្ងន់ប៉ុន្មានតំណឹងមាសទេ ហើយកាលបរិច្ឆេទបញ្ជូនមកកម្ពុជាក៏មិនទាន់ដឹងបានច្បាស់ដែរ ព្រោះត្រូវរៀបចំនីតិវិធីផ្លូវការសិន ប៉ុន្តែរការចំណាយវិចខ្ចប់ដឹកជញ្ជូន ខាងទីភ្នាក់ងារលក់វត្ថុបុរាណ Johnnathan Tucker Antonia Tozer Asian Art គឺជាអ្នកចេញថ្លៃឲ្យ។
ឯកឧត្ដមបានបញ្ជាក់ផងដែរថា គ្រឿងអលង្ការនេះមិនដឹងថាបានបាត់បង់តាំងពីពេលណាទេ ដោយសារតែកម្ពុជាធ្លាប់ទទួលរងនូវភ្លើងសង្គ្រាមញ៉ាំញីជាច្រើនសម័យកាល ប៉ុន្តែគ្រាន់តែដឹងច្បាស់ថា ឈុតគ្រឿងអលង្ការលម្អលើចម្លាក់ថ្មទាំងនេះ គឺមានរចនាបថខ្មែរ និងមានតែរបស់ខ្មែរតែមួយគត់។
សូមបញ្ជាក់ផងដែរថា មុននឹងបានត្រឡប់មកវិញនេះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ក្រសួងវប្បធម៌បានទទួលព័ត៌មានមួយថា ទីភ្នាក់ងារលក់វត្ថុបុរាណ Johnnathan Tucker Antonia Tozer Asian Art បានប្រកាសដាក់តាំងលក់វត្ថុបុរាណ ឥណ្ឌា និងអាស៊ីអាគ្នេយ៍នៅទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងឡុងដ៍ ចាប់ពីថ្ងៃទី០៣ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នូវគ្រឿងអលង្ការមាសលម្អចម្លាក់ថ្ម។
ហើយវត្ថុបុរាណនេះធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts for the Gods និពន្ធរួមគ្នាដោយលោកស្រី Emma C.Bunker និងលោកDouglas A.J Latchford នាឆ្នាំ២០០៨នោះ ក្រសួងបានបញ្ជូនសេចក្តីណែនាំមួយភ្លាម និងភ្ជាប់ជាមួយឯកសារជាច្រើនជាសំអាង ព្រមទាំងប្រើប្រាស់ផ្លូវទូតជាច្រើន ដើម្បីទាមទារឲ្យទីភ្នាក់ងារលក់វត្ថុបុរាណខាងលើ ប្រគល់ឲ្យមកត្រឡប់មកកម្ពុជាវិញ៕

