
ប្រទេស រុស្ស៊ី ឲ្យដឹងថា ទាហានរបស់ខ្លួនមានគ្រាប់បែកមហាខ្លាំងមួយឈ្មោះថា ឪគ្រាប់បែក (father of all bombs) ដែលខ្លាំងជាង ម៉ែគ្រាប់បែក (Mother of all bombs) របស់ អាមេរិក ៤ ដង ជាគ្រាប់បែកដែលទាហាន អាមេរិក ទម្លាក់ក្នុងប្រទេស អាហ្វហ្គានីស្ថាន កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន សម្លាប់ ជីវពល ISIS ៩៦ នាក់ ។
សារព័ត៌មាន រុស្ស៊ី ផ្សាយថា នៅពេលឪគ្រាប់បែក ផ្ទុះឡើង អំណាចនៃការផ្ទុះមានកម្លាំងស្មើនឹងការផ្ទុះរបស់ TNT ទម្ងន់ ៤៤ តោន ហើយបើប្រៀបធៀបនឹង ម៉ែគ្រាប់បែក របស់ អាមេរិក គឺខ្លាំងជាង ៤ ដង ដែល ម៉ែគ្រាប់បែក មានកម្លាំងផ្ទុះស្មើនឹងការផ្ទុះរបស់ TNT ត្រឹមតែ ១១ តោនប៉ុណ្ណោះ ។
រុស្ស៊ី អះអាងថា មហាគ្រាប់បែករបស់ខ្លួន ពេលផ្ទុះឡើងធ្វើឲ្យមានកម្ដៅខ្ពស់ជាងគ្រឿងផ្ទុះធម្មតា ហើយបំផ្លាញអ្វីៗទាំងអស់គ្មានសល់ដែលស្ថិតនៅក្នុងរង្វង់នៃអង្កត់ផ្ចិតរបស់រលករញ្ជួយនៃ ឪគ្រាប់បែក ចំណែករលកសម្ពាធប្រហាក់ប្រហែលទៅនឹងការផ្ទុះរបស់គ្រាប់បែកនុយក្លេអ៊ែរធុនតូចមួយគ្រាប់ ។
ឪគ្រាប់បែក របស់ រុស្ស៊ី ផលិតឡើងក្នុងឆ្នាំ ២០០៧ ក្រោយពី អាមេរិក សាកល្បង ម៉ែគ្រាប់បែក លើកដំបូងក្នុងឆ្នាំ ២០០៣ ប៉ុន្តែ រុស្ស៊ី មិនធ្លាប់ប្រើប្រាស់ម្ដងណាឡើយ ។ មន្ត្រីអនុព័ន្ធយោធា អាមេរិក ប្រចាំប្រទេស ស៊ីរី និងជាអ្នកវិភាគអាវុធនិយាយថា ការអះអាងរបស់ រុស្ស៊ី គឺជាការពិត ។
សម្រាប់ ម៉ែគ្រាប់បែក របស់ អាមេរិក មួយគ្រាប់ត្រូវចំណាយ ១៦ លានដុល្លារដើម្បីផលិតឡើង ។ ការទម្លាក់ ម៉ែគ្រាប់បែក ទៅលើទីតាំង ISIS កាលពីថ្ងៃច័ន្ទសប្ដាហ៍មុនបានបោសសម្អាតជីវពលទាំងស្រុង ប៉ុន្តែទាហាន អាមេរិក មិនបានបង្ហាញអំពីទំហំនៃការបំផ្លាញក្រោយការទម្លាក់ ម៉ែគ្រាប់បែកនោះនៅឡើយ ។
ប្រភពៈ independent cnn