
ចំនួនអ្នកស្លាប់ដោយសារការវាយឆ្មក់ទៅលើមូលដ្ឋានយោធាភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន ឡើងដល់ ១៦០ នាក់ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតធ្វើឡើងដោយក្រុមតាលីបង់ ក្នុងប្រទេសនេះចាប់តាំងពីឆ្នាំ ២០០១ ។
ការវាយប្រហារទ្រង់ទ្រាយធំនេះត្រូវបានគេមើលឃើញថាជាបរាជ័យដ៏ធំរបស់ប្រធានាធិបតី Ashraf Ghani ដែលគាំទ្រដោយ អាមេរិក ដំណាលពេលដែលប្រទេស អាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងសកម្មភាពដែលកំពុងកើនឡើងរបស់ក្រុមតាលីបង់ ។ សមាជិកតាលីបង់មួយក្រុមស្ថិតក្នុងសំលៀកបំពាក់យោធា បើករថយន្តពីរគ្រឿងសម្រុកចូលមូលដ្ឋានយោធាខេត្ត Balkh បើកការបាញ់រះទៅលើទាហានដែលគ្មានអាវុធក្នុងដៃ និងមន្ត្រីយោធាក្នុងមូលដ្ឋាន ព្រមទាំងគប់គ្រាប់បែកដៃជាច្រើន និងការបំផ្ទុះគ្រាប់បែកអត្តឃាត ។
ក្រុមតាលីបង់ឲ្យដឹងថា ជីវពល ៤ នាក់ ដែលចូលរួមក្នុងការវាយប្រហារនោះ គឺជាទាហានអាហ្វហ្គានីស្ថាន ដែលចុះចូលនឹងក្រុមរបស់ខ្លួន និងជាអ្នកធ្លាប់ស្ថិតនៅក្នុងមូលដ្ឋានយោធានោះជាច្រើនឆ្នាំ ហើយនេះគឺជាប្រតិបត្តិការមុនពេលការវាយប្រហារនិទាឃៈរដូវចូលមកដល់ ។