Sponsor
Pisey

នាវា​ផ្ទុក​យន្តហោះ ​USS Carl Vinson​ ចូល​ដែន​ទឹក​ឧបទ្វីប​កូរ៉េ​គឺ​ជា​ការ​ពិត​ យន្តហោះ​ចម្បាំង​ F-35​ សម្ដែង​អនុភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​គឺ​ជា​ការ​ពិត​ ចំណែក​ទាហាន​ អាមេរិក​ ២​ ម៉ឺន​ ៩​ ពាន់​នាក់​ កំពុង​ស្ថិតនៅ​លើ​ទឹកដី​ កូរ៉េខាងត្បូង​ ក៏​ជា​ការ​ពិត​ ប៉ុន្តែ​ អាមេរិក ​វាយ​ប្រហារ​ កូរ៉េខាងជើង​ ដោយ​ប្រើ​កម្លាំង​ទាំង​នោះ​មិន​ពិត​ឡើយ ​ព្រោះ​បើ​វាយប្រហារ​ អ្វីៗ​ត្រូវ​ចេញពី​រដ្ឋ​ មីសូរី (Missouri)​ ។

ការ​វាយប្រហារ​ កូរ៉េខាងជើង ​ប្រាកដ​ជា​ធ្វើឡើង​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ពាស​ដោយ​ដែក​ថែប​ អាច​នាំ​យក​គ្រាប់បែក​ធំ​បំផុត​មិនមែន​នុយក្លេអ៊ែរ​របស់​ អាមេរិក ​ដែល​បាន​ផលិត​តាំង​ពី​ទសវត្ស​ឆ្នាំ​ ១៩៩០ ​ក្នុង​អាណត្តិ​លោក​ ប៊ីល ក្លិនតុន ។​ ការ​ពិត​រដ្ឋាភិបាល​ អាមេរិក ​បាន​ត្រៀម​រៀបចំ​ការ​វាយប្រហារ​ទីតាំង​យោធា​ក្រោម​ដី​ កូរ៉េខាងជើង​ តាំង​ពី​ទសវត្ស​ឆ្នាំ ​១៩៩០ ​​បំណង​បន្ទច់​បង្អាក់​ ឬ​យ៉ាង​ហោច​ពន្យឺត​ដល់​ដំណើរការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ។​

ផែន​ការ​នា​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ​ ១៩៩០​ គឺ​ទម្លាក់​គ្រាប់បែក​ដែល​មាន​អនុភាព​ជ្រៀត​ចូល​ទៅ​ក្នុង​ដី​ហើយ​មាន​កម្លាំង​ផ្ទុះ​មហាសាល​អាច​បំផ្លាញ​ទីតាំង​យោធា​ក្រោម​ដី​ដ៏​ជ្រៅ​ និង​រឹងមាំ ។​ ផែនការ​នោះ​ត្រូវ​បាន​ពន្លឿន​កាន់​តែ​ខ្លាំង​នៅ​ដើម​ទសវត្ស​ឆ្នាំ ​២០០០ ​ក្រោម​រដ្ឋបាល​លោក​ George W. Bush​ ដែល​មាន​គោល​នយោបាយ​វាយប្រហារ​ឲ្យ​បាន​មុន​សត្រូវ ។​ 

ឆ្នាំ ​២០០២​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ អាមេរិក ​Donald Rumsfeld ​បញ្ជា​ដល់​មន្ទីរ​បញ្ចកោណ​ឲ្យ​បង្កើត​ផែនការ​មួយ​ឈ្មោះ​ OPLAN 5027​ សម្រាប់​សង្គ្រាម​នៅ ​កូរ៉េខាងជើង​ ផ្ដោត​ទៅ​លើ​ការ​វាយឆ្មក់​តាម​អាកាស​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​ ដោយ​ប្រើប្រាស់​គ្រាប់បែក​នុយក្លេអ៊ែរ​អាច​មុជ​ចូល​ទៅ​ក្នុង​ដី​ ហើយ​ផ្ទុះ​ក្រោម​ដី ​ប៉ុន្តែ​ព្រឹទ្ធសភា ​អាមេរិក ​ស្ទាក់ស្ទើរ​មិន​ចង់​ឲ្យ​ប្រើប្រាស់​គ្រាប់បែក​នុយក្លេអ៊ែរ​ ថែមទាំង​អ្នក​ជំនាញ​អះអាង​ថា​ រលក​វិទ្យុសកម្ម​នឹង​បញ្ចេញ​មក​ក្រៅ​ដោយសារ​រំញ័រ​ដ៏​ខ្លាំង​ក្លា​ ហេតុនេះ​ទើប​សភា​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​គ្រាប់បែក​មិន​មែន​នុយក្លេអ៊ែរ ។​

ដោយសារ​មិន​អាច​ប្រើ​ប្រាស់​នុយក្លេអ៊ែរ ​ឆ្នាំ ​២០០៤​ មន្ទីរ​បញ្ចកោណ​ចាប់​ផ្ដើម​អភិវឌ្ឍ​គ្រាប់បែក​ MOP​ មាន​ទម្ងន់​ ១៥​ តោន ​ឌីហ្សាញ​ជា​ពិសេស​សម្រាប់​បំផ្លាញ​ទីតាំង​ក្រោម​ដី​ក្នុង​ប្រទេស ​អ៊ីរ៉ង់ ​និង​ កូរ៉េខាងជើង​ ប៉ុណ្ណោះ ។​ ឆ្នាំ ​២០១១ ​គ្រាប់បែក​ MOP ​រៀប​ចំ​រួចរាល់​សម្រាប់​ធ្វើ​សកម្មភាព ។​ យន្តហោះ​ទម្លាក់​គ្រាប់បែក​ពាស​ដោយ​ដែក​ថែម​មួយ​គ្រឿង ​អាច​នាំ​យក​គ្រាប់​បែក​មាន​ប្រវែង​ជាង ​៦​ ម៉ែត្រ​ចំនួន​ពីរ​គ្រាប់ ។ ​

ដូច្នេះ​ទោះ​ជា​លោក​ ដូណាល់ ត្រាំ ​គំរាម​ និង​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​ទៅ​ កូរ៉េ​ ក៏​ដោយ​ ប៉ុន្តែ​ការ​វាយប្រហារ​នឹង​កើត​ឡើង​លុះត្រាតែ​ អាមេរិក​ បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពាស​ដោយ​ដែកថែប​ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-2 ​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស​ ក្នុង​រដ្ឋ​ មីស៊ូរី ​ជា​កន្លែង​រក្សា​ទុក​គ្រាប់បែក​ MOP ​ឬ​បញ្ជូន​ទាហាន​ថ្មើរ​ជើង​ឆ្លង​ព្រំដែន​ចូល​ កូរ៉េខាងជើង​ ប៉ុណ្ណោះ​ទើប​អាច​ជា​ការ​ពិត ។​

ប្រភពៈ​ thedailybeast​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor