
សិល្បៈ ៖ មួយរយៈនេះអ្នកសិល្បៈបានបង្ហាញសន្ដានចិត្តសប្បុរសជួយដល់ប្រជាពលរដ្ឋ និងអ្នកសិល្បៈក្រីក្របាត់បង់សមត្ថភាពញឹកញាប់មកហើយ ។ ងាកមកកំពូលតារាចម្រៀងរបស់ផលិតកម្ម ថោន លោក ខេម ឯណេះវិញ ក្រៅពីមានទម្លាប់សងគុណឪពុកម្ដាយបានយ៉ាងល្អ លោកតែងធ្វើពិធីជប់លៀងជូនអ្នកស្រុកភូមិមករាំលេងកម្សាន្ត និងញ៉ាំអាហារ Free ដើម្បីបង្ហាញពីការគោរពស្រឡាញ់។ យ៉ាងណាមិញឆ្នាំនេះខេម គ្រោងចំណាយលុយធ្វើម្ហូបអាហារជូនចាស់ៗក្នុងភូមិប្រមាណជា៥០នាក់មកញ៉ាំអាហារ និងជូនលុយពួកគាត់បន្ថែមទៀត។
តារាចម្រៀងល្បីឈ្មោះ ខេម បានប្រាប់ Kqube.net ថា នៅរដូវចូលឆ្នាំម្ដងៗលោកតែងធ្វើពិធីជប់លៀងជូនអ្នកស្រុកភូមិប្រមាណ៣ទៅ៤រយនាក់មកជួបជុំគ្នាញ៉ាំអាហារ Free និងជូនលុយលោកតា លោកយាយ អុំ ពូ មីង តិចតួចថែមទៀត។ តារារូបនេះបន្តថា ពិធីនេះលោកនឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា ក្រោយចូលឆ្នាំរួច ព្រោះពេលវេលានេះអ្នកស្រុកភូមិរបស់លោកជុំគ្នា ធ្វើពិធីបង្ហើយនៃពិធីបុណ្យចូលឆ្នាំ។

សន្ដានចិត្តខាងលើនេះ ខេម ក៏បានប្រាប់ Kqube.netពីគោលបំណងដែរថា ការធ្វើដូច្នេះគឺលោកចង់បង្ហាញពីទឹកចិត្តនៅតែស្រឡាញ់គោរពចាស់ទុំ និងរាប់អានមិត្តភ័ក្ដិដូចដើម ទោះជាលោកក្លាយជាតារាល្បីក៏ដោយ ព្រោះតាំងពីលោកចាកចេញពីស្រុកកំណើត មកប្រឡូកអាជីពសិល្បៈលោកជាប់រវល់ច្រើនមិនសូវបានទៅជួបជុំគ្នាញឹកញាប់ទេ ដូច្នេះហើយលោកគិតថាមានតែរដូវចូលឆ្នាំទេ ទើបជាពេលវេលាល្អ សម្រាប់ធ្វើទានដល់ពួកគាត់។
ជាមួយគ្នានេះ Kqube.net ក៏បានសាកសួរពីខ្ទង់ចំណាយសម្រាប់ការរៀបចំធ្វើពិធីជប់លៀងខាងលើនេះដែរ ប៉ុន្តែ ខេម តបថាលោកមិននិយាយចំណុចទេ ព្រោះនេះគឺជាសន្ដានចិត្តធ្វើទាន តែលោកបានបញ្ជាក់ថា កម្មវិធីបែបនេះលោកបានធ្វើច្រើនឆ្នាំមកហើយ ហើយឆ្នាំមុនៗលោកបានហៅអ្នកភូមិរាប់រយនាក់មកចូលរួម៕


