Sponsor
Pisey

រដ្ឋមន្ត្រី​ការពារ​ជាតិ ​សហរដ្ឋ​អាមេរិក ​លោក ​ជីម ម៉ាទីស ​និយាយ​ថា​ នាវា​ផ្ទុក​យន្តហោះ​ សហរដ្ឋ​អាមេរិក​ USS Carl Vinson ​នៅ​តែ​បន្ត​បេសកកម្ម​ទៅ​កាន់​ឧបទ្វីប​កូរ៉េ ​ដោយ​នាវា​កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងជើង​ ចេញពី​អាស៊ីអាគ្នេយ៍ ​ហើយ​នឹង​ទៅ​ដល់​ដែនទឹក​នៃ​ឧបទ្វីប​កូរ៉េ​នៅ​សប្ដាហ៍​ក្រោយ ។​ លោក​ ម៉ាទីស ​បញ្ជាក់​ដូច្នេះ​ អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ។​

រដ្ឋបាល​លោក​ ដូណាល់ ត្រាំ ​បដិសេធ​ចំពោះ​​ការ​បន្ទោស​ថា​ ទីក្រុង​ វ៉ាស៊ីនតោន​ ធ្វើ​សកម្ម​ភាព​​ខុស​ ពាក់​ព័ន្ធ​នឹង​ការ​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​ទៅ​ឧបទ្វីប​កូរ៉េ ​។ លោក ​ម៉ាទីស​ បញ្ជាក់​ថា​ ការ​ដាក់​ពង្រាយ​នាវា​ប្រយុទ្ធ​​នឹង​បន្ថែម​រយៈ​ពេល​ ៣០​ ថ្ងៃ​បន្ថែម​ទៀត ​នៅ​លើ​ដែនទឹក​នៃ​ឧបទ្វីប​កូរ៉េ ​ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​ចំពោះ​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​ទ្វីប​អាស៊ី​ និង​រង់ចាំ​រហូត​ដល់​ប្រទេស​ កូរ៉េខាងត្បូង​ បញ្ចប់​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​ ៩​ ខែ ​ឧសភា​ ខាង​មុខ​នេះ ។​​

USS Carl Vinson ​ធ្លាប់​ចូលរួម​សមយុទ្ធ ​អាមេរិក​-​កូរ៉េខាងត្បូង​ ទ្រង់​ទ្រាយ​ធំ​បំផុត ​ចូលរួម​ដោយ​ទាហាន​ប្រមាណ​ ៣០​ ម៉ឺន​នាក់​ មាន​យន្តហោះ​ផ្លេកបន្ទោរ ​F-35B ​របស់​ទាហាន​ ម៉ារីន​ អាមេរិក​ យន្តហោះ​ប្រយុទ្ធ​ Joint Strike Fighters ​ និង​ជា​ពេល​ដែល​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​មីស៊ីល​ ព្រមទាំង​កងកម្លាំង​ប្រតិបត្តិការ​ពិសេស ។​ មាន​សេចក្ដី​រាយការណ៍​ថា ​ក្រុម​សមរភូមិ​ពិសេស​របស់​កងទ័ព​ជើង​ទឹក​ ឬ​ក្រុម ​SEAL ​ទី​៦ ​នឹង​ចូលរួម​ផង​ដែរ​ ប៉ុន្តែ​​មន្ទីរ​បញ្ចកោណ​បដិសេធ​ចំពោះ​ព័ត៌មាន​នោះ ។​​

មេបញ្ជាការ​ អាមេរិក​ និយាយ​ថា​ វត្តមាន​របស់​នាវា​ផ្ទុក​យន្តហោះ ​Carl Vinson ​គឺ​ជា​បេសកកម្ម​សំខាន់​មួយ​អំពី​របៀប​​​ដែល​ កូរ៉េខាងត្បូង​ និង​ សហរដ្ឋ​អាមេរិក បន្ត​លើកកម្ពស់​សមត្ថភាព​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​ធានា​សន្តិសុខ​ និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ​រហូត​ដល់​ក្នុង​តំបន់​ទាំង​មូល ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor