នាង យ៉ាង ជាលី (Yang Jiali) ដែលជាម្ចាស់របស់ឆ្កែ បានឃើញឆ្កែរបស់នាងប្រឹងកាយដីក្នុងព្រៃមួយកន្លែង ហើយពេលដែលនាងទៅកាយកន្លែងនោះ បានឃើញទារកទើបនឹងកើត ជាក្មេងប្រុស រុំនឹងសំពត់ពណ៌ស មាត់ទារកពេញដោយភក់ ប៉ុន្តែទារកនោះនៅរស់នៅឡើយ ។
នាងយ៉ាង ជាលី បានយកទារកចេញពីព្រៃដែលស្ថិតនៅក្បែរទីប្រជុំជន វូតាន (Wutan) ទីក្រុង ចុងឈីង (Chongqing) ភាគនិរតីប្រទេស ចិន ។ ជំនួយការគ្រូពេទ្យនៃមជ្ឈមណ្ឌលសុខភាព វូតាន (Wutan) ស្រុក ចៀនជីង (Jiangjin) និយាយថា នៅពេលទៅដល់មន្ទីរពេទ្យភ្លាម ទារកមានសភាពស្លេកស្លាំង ដោយសង្វាក់បេះដូង និងដង្ហើមចុះខ្សោយ និងមានកម្ដៅមិនគ្រប់គ្រាន់ ព្រមទាំងមានដីចូលពេញមាត់ ។
ក្រោយមក ប្រធានមជ្ឈមណ្ឌលបញ្ជាក់ថា ស្ថានភាពទារកបានប្រសើរជាងមុន ប៉ុន្តែនៅមិនទាន់ផុតពីគ្រោះថ្នាក់នៅឡើយ ទោះយ៉ាងណា ស្ថានភាពរាងកាយទារកគ្រាន់បើជាងមុន ។ ទោះជាហេតុការណ៍នោះ កើតឡើងតាំងពីថ្ងៃទី ៦ ខែ ឧសភា នេះ ប៉ុន្តែនៅមិនទាន់មាននរណាម្នាក់មកបញ្ជាក់អះអាងជាអាណាព្យាបាលរបស់ទារកនោះនៅឡើយ ។ នៅក្នុងប្រទេស ចិន មានករណីបញ្ចុះសពទារកទាំងរស់ជាញឹកញាប់ ជួនកាលដោយសារឪពុកម្ដាយច្រឡំថាកូនរបស់ខ្លួនស្លាប់ ដោយមិនបានឲ្យគ្រូពេទ្យពិនិត្យជាក់លាក់ មុនពេលនាំយកទារកទៅបញ្ចុះ ។
ប្រភពៈ telegraph

