ទីក្រុង ព្យុងយ៉ាង តែងតែពន្លើសសមត្ថភាពមីស៊ីលរបស់ខ្លួន ប៉ុន្តែមីស៊ីលដែល កូរ៉េខាងជើង បាញ់កាលពីថ្ងៃអាទិត្យ ត្រូវបានអ្នកជំនាញអះអាងថា ជាមីស៊ីលហោះហើរបានឆ្ងាយបំផុតជាងពេលមុនៗទាំងអស់ ហើយអាចទៅដល់កោះ ហាវ៉ៃ និង អាឡាស្កា ។ ក្រោយការសាកល្បង មេដឹកនាំ គីម ជុងអ៊ុន និយាយថា អាមេរិក តែងមើលងាយប្រទេសទាំងឡាយណាដែលគ្មានអាវុធនុយក្លេអ៊ែរ ដូច្នេះហើយទើប កូរ៉េខាងជើង ត្រូវតែស្វះស្វែងឲ្យមាននុយក្លេអ៊ែរ ដើម្បីការពារចំពោះការបំពាន ឬការលុកលុយពីសត្រូវ ។
អ្នកជំនាញក្នុងប្រទេស ជប៉ុន និង កូរ៉េខាងត្បូង ក៏បញ្ជាក់ផងដែរថា មីស៊ីល មូស៊ូដាន (Musudan) ជំរុញដោយរ៉ុកែត វ៉ាងសុង-១២ (Hwasong-12) បានហោះហើរទៅលើអាកាសកម្ពស់ ២ ពាន់គីឡូម៉ែត្រ និងហោះហើរទៅមុខចម្ងាយ ៨០០ គីឡូម៉ែត្រ ដូច្នេះប្រសិនបើមីស៊ីលហោះហើរត្រង់លើរយៈកម្ពស់ធម្មតា វាអាចហោះហើរទៅមុខបានចម្ងាយ ៤ ពាន់ទៅ ៧ ពាន់គីឡូម៉ែត្រ គឺទៅដល់កោះ ហាវ៉ៃ និងតំបន់ អាឡាស្កា ។
លោក លី អីុលវូ (Lee Illwoo) អ្នកវិភាគបញ្ហាយោធា ជនជាតិ កូរ៉េខាងត្បូង និយាយថា ការអភិវឌ្ឍមីស៊ីលនេះ ពិតជាធ្វើឲ្យ សហរដ្ឋអាមេរិក អង្គាសចិត្តខ្លាំង ក្រោយពីដឹងថា មីស៊ីលនោះបើហោះហើរលើរយៈកម្ពស់ធម្មតា បានចម្ងាយយ៉ាងតិច ៣៥០០ គីឡូម៉ែត្រ គឺទៅដល់មូលដ្ឋានយោធា សហរដ្ឋអាមេរិក នៅលើកោះ ហ្កាំ (Guam) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខុសពីមីស៊ីល មូស៊ូដាន ដែលសាកល្បងកាលពីឆ្នាំមុន ហោះហើរបានចម្ងាយត្រឹមតែ ១៤១០ គីឡូម៉ែត្រប៉ុណ្ណោះ ។
ប្រភពៈ independent

