រាជធានីភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការជាមួយសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបានផលិតផលគ្រឿងសម្អាត និងថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី ខុសច្បាប់ជាង៣០តោន នៅទីតាំង២ កន្លែងផ្សេងគ្នា ក្នុងស្ថិតសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះថ្ងៃច័ន្ទម្សិលមិញ បានឲ្យដឹងថា ផលិតផលសម្អាងជាង៣០តោនខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ឲ្យនៅក្រោមការពិនិត្យពីបទល្មើសចំនួន៤ មានដូចជា៖
១ នាំចូល រក្សាទុក ចែកចាយ ផលិតផលគ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី គ្មានលិខិតអនុញ្ញាត និងលិខិតបញ្ជីកា តាមមាត្រា១០ នៃច្បាប់គ្រប់គ្រងឱសថ។
២ នាំចូល រក្សាទុក ចែកចាយ ផលិតផលគ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី គ្មានបង់ពន្ធ តាមមាត្រា៧២ និង៧៤ នៃច្បាប់គយ។
៣ នាំចូល និងរក្សាទុកផលិតផលគ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី គ្មានប្រភពច្បាស់លាស់ តាមមាត្រា១៦ និង៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា។
៤ នាំចូល និងរក្សាទុកផលិតផលគ្រឿងសម្អាង ថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី ដែលសង្ស័យថា មានគ្រោះថ្នាក់និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែង។

គួររម្លឹកផងដែរថា ការចុះបង្ក្រាបបានផលិតផលគ្រឿងសម្អាត និងថ្នាំខាត់ស្បែកឲ្យ ស រយៈពេលខ្លី ខុសច្បាប់ជាង៣០តោននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០១៧។
