វេបសាយ sportsatu របស់ឥណ្ឌូណេស៊ី បានបង្ហាញការចាប់អារម្មណ៍ ទៅលើខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង ក្រោយកីឡាកររូបនេះត្រូវបានលោក Leonardo កោះហៅឲ្យចូលក្នុងជម្រើសជាតិជាថ្មីម្ដងទៀត ជាមួយនឹងកីឡាករ២៤នាក់ផ្សេងទៀតត្រៀមមិត្តភាពជាមួយឥណ្ឌូណេស៊ី និងប្រកួតវគ្គជម្រុះ AFC Asian Cup2019 ជាមួយអាហ្វហ្គានីស្ថាន។
វេបសាយខាងលើ បានផ្ដោតសំខាន់ទៅលើ វឌ្ឍនាកា ថា ក្នុងចំណោមកីឡាករទាំង២៥នាក់ដែលបានកោះហៅមានម្នាក់គឺជាកីឡាករកំពុងលេងនៅ លីកលំដាប់ទី៣ជប៉ុន ចាន់ វឌ្ឍនាកា។ ក្នុងប្រទេសជប៉ុនកីឡាកររូបនេះត្រូវបានគេហៅថា Lionel Messi Cambodia លេងនៅលីកទី៣ជប៉ុនក្នុងក្លឹប Fujieda MYFC ក្រោយលក្ខខណ្ឌខ្ចីជើង ពីក្លឹបបឹងកេតអេហ្វស៊ី។
រូបគេគឺជាកីឡាករកម្ពុជាម្នាក់ ដែលកំពុងលេចធ្លោទោះបីនៅក្មេង ហើយរូបគេក្លាយជា Super Star របស់អ្នកគាំទ្រកម្ពុជា ដោយសារតែទម្រង់លេងល្អដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួន។ លើសពីនេះកាសែតខាងលើ បានរំលឹកពីសមិទ្ធផលកាលលេងនៅកម្ពុជា ឆ្នាំ២០១៥ ដែលអាជីពនៅក្លឹបបឹងកេតអង្គរឡើងដល់កំពូលគឺរកគ្រាប់បាល់បាន៣៥គ្រាប់ ធ្វើឲ្យរូបគេទទួលបានស្បែកជើងមាស ក្នុងលីកកំពូលជួយក្លឹបបឹងកេតឈ្នះពានលីកកំពូលកម្ពុជា ជើងឯករងពានToyota Mekong Club 2015។
ចំណែកពានផ្ទាល់ខ្លួនគឺរូបគេធ្លាប់ឈ្នះពាន best young players of Cambodia 2012, Hun Sen Cup gold shoes 2013, MVP Cambodia 2014 និង 2015 Cambodian League។ លើសពីនេះ រូបគេធ្លាប់ឈ្នះ MVP Mekong Club Championship 2015,ខណៈឆ្នាំ ២០១៦ ឈ្នះពានរង្វាន់ Cambodian League MVP ។
លើសពីនេះកាសែតមានមូលដ្ឋាននៅប្រទេសឥណ្ឌូណេស៊ី ក៏បាននិយាយពីកីឡាករសំខាន់ម្នាក់ទៀតដែលលេងនៅលីកទី២ថៃ ធារី ចន្ថាប៊ីនដែលកំពុងលេងនៅក្លឹប Krabi FC ផងដែរ៕
