Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ ​មិត្ត​ចិន​ សម្រេច​ផ្តល់​ជំនួយ​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ជិត​ ១៧​០០​ លានយ័ន​​ ស្មើនឹង​ប្រមាណ​ជិត​២​៥០​លាន​ដុល្លារ​ ដល់​​កម្ពុជា ​សម្រាប់​កសាង​សាលា​រៀន​ កសាង​បណ្តាញ​គមនាគមន៍​ជនបទ​ និង​ពង្រីក​សមត្ថភាព​របស់​មន្ទីរ​ពេទ្យ​យោធា​កម្ពុជា​ ​ដើម្បី​ជួយ​ដល់​អតីត​យុទ្ធជន​ និង​ប្រជាពលរដ្ឋ​ទូទៅ​​។​​

ការសម្រេច​ផ្តល់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង ​​សម្ដេច​តេជោ និង​ ​ឯកឧត្ដម ស៊ី ជិន​ពីង​ ប្រធានាធិបតី​ចិន​​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ដែល​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​សំណាក់​រដ្ឋ ក្នុង​ទីក្រុង​ប៉េកាំង​។

ក្នុង​ជំនួប​នេះ ​ឯកឧត្តម​ប្រធានាធិបតី​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់ ចំពោះគណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​​នៃ​ប្រទេស​ទាំងពីរ​ ដែល​មាន​ភាព​ជោគជ័យ​លើ​ការងារ​ជាច្រើន​ ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​​ ពិសេស​ការ​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​ស្តី​ពី​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ។ 

ឯកឧត្តម​ក៏​បាន​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​ថា ​​នៅ​ឆ្នាំ​២០​២០​ខាងមុខ​​ ទំហំ​ពាណិជ្ចកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នឹង​មាន​ការ​កើន​ឡើង​រហូតដល់ ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយនៅ​ឆ្នាំ២​០១​៨​ខាងមុខ​នេះ​ភាគី​ចិន​នឹង​ទទួល​ការ​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ​ចំនួន​៣០​ម៉ឺន​តោន ​រួម​ទាំង​ការ​ជួយ​កសាង​ឃ្លាំង​អង្ករ​ក្នុង​ប្រទេស​កម្ពុជា​។​

ឯកឧត្តមក៏​បានគូសបញ្ជាក់​ដែរ​ថា ឯកឧត្តម​នឹង​ជំរុញ​ឲ្យមាន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ​និង​សាងសង់​ព្រលាន​យន្ត​ហោះអន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប ​ព្រមទាំង​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​១​ពាន់​២០០​លាន​យ័ន (ប្រមាណ​ជាង​​១៧៤​លាន​ដុល្លារ​​) ​ដល់​កម្ពុជា ​ដើម្បី​ឲ្យ​ភាគី​កម្ពុជា​កសាង​សាលា​រៀន​ កសាង​បណ្តាញ​គមនាគមន៍​ជនបទ​ ជីក​អណ្តូង​ទឹក​ស្អាត​។

ជាមួយគ្នា​នេះ​ចិន​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ៤​៥​០​លាន​យ័ន ក្នុង​ឆ្នាំ​២០១៧ ជួយ​ពង្រីក​សមត្ថភាព​របស់​មន្ទីរពេទ្យ​យោធា​កម្ពុជា ​ដើម្បី​ជួយ​ដល់​អតីត​យុទ្ធជន​ និង​ប្រជាពលរដ្ឋ​ទូទៅ។ 

ឯកឧត្តម​បន្ត​ថា ​នៅ​ឆ្នាំ​២០២០​នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​ចំនួន​២​លាន​នាក់ ​ដោយ​សារ​ប្រទេស​កម្ពុជា​មាន​ប្រាង្គ​ប្រាសាទ​ដ៏ល្បីល្បាញ ​ហើយ​ក្នុង​នោះ​ភរិយា​របស់​ឯកឧត្តម​ រួមទាំង​កូន​របស់​ឯកឧត្តម​ ក៏​មាន​បំណង​ទៅ​ទស្សនា​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ​ ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​ទៅ​លើ​ការ​រួមគ្នា​ ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ការ​ជួញ​ដូរ​មនុស្ស ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ ពិសេស​បាន​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ត​ទុកដាក់​ បញ្ហា​តំបន់​និង​អន្តរជាតិ​​។​

មុន​នឹង​បញ្ចប់​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​នេះ​ ​ក្នុង​ព្រះ​បរមនាម​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ និង​ក្នុង​នាម​រាជរដ្ឋាភិបាល​ សម្តេច​ បាន​អញ្ជើញ​ឯកឧត្តម​​ ស៊ី ជិនពីង ​បំពេញ​ទស្សន​កិច្​ចផ្លូវ​រដ្ឋ​ជា​ថ្មី​ម្តង​ទៀត ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​ ឬ​ក្នុង​ឆ្នាំ​២០១៨​ដែល​ជា​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​របស់​ប្រទេស​ទាំង​ពីរ​ផង​ដែរ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor