ប្រទេស ហ្កាតា បានបើកការស៊ើបអង្កេតករណីវាយប្រហារតាមបណ្ដាញអីុនធឺណិតទៅលើភ្នាក់ងារសារព័ត៌មានរដ្ឋ ក្រោយពីរកឃើញថា ភ្នាក់ងារសារព័ត៌មានរដ្ឋ ត្រូវបាន ឧក្រិដ្ឋជនជ្រៀតចូលតាមអីុនធឺណិត ហើយចេញសេចក្ដីថ្លែងការណ៍បំផ្លើសមួយអំពីមហាក្សត្រ សេក តាមីន ប៊ីន ហាម៉ាដ អាល់-ថានី (Sheikh Tamin bin Hamad Al-Thani) ។
ក្រៅពីនេះ គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ប្រមុខរដ្ឋ ហ្កាតា ក៏ត្រូវបានវាយប្រហារផងដែរដោយឧក្រិដ្ឋជន ដែលបានចេញផ្សាយសេចក្ដីថ្លែងការណ៍បំផ្លើស ហើយចែកចាយតាមបណ្ដាញសារព័ត៌មានផ្សេងៗ និងត្រូវបានដកស្រង់ដោយសារព័ត៌មានជាច្រើននៅមជ្ឈិមបូព៌ា ។ រដ្ឋមន្ត្រីការបរទេស ហ្កាតា លោក មូហាម៉េដ ប៊ីន អាប់ឌុលឡារ៉ាម៉ាន អាល់-ថានី (Mohammed Bin Abdulrahman al Thani) បានពន្យល់អំពីសេចក្ដីលម្អិតអំពីការវាយប្រហារចំពោះសារព័ត៌មានរដ្ឋ នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មាន ដោយបញ្ជាក់ថា សកម្មភាពនោះគឺជាអំពើភេរវកម្ម ចំណែករដ្ឋាភិបាល ហ្កាតា កំពុងស៊ើបអង្កេត ដោយរំពឹងថា នឹងរកឃើញការពិតក្នុងពេលឆាប់ៗ ។
ការវាយប្រហារតាមអីុនធឺណិត ធ្វើឡើងក្រោយទស្សនកិច្ចលោក ដូណាល់ ត្រាំ ទៅកាន់មជ្ឈិមបូព៌ា ប៉ុន្តែរដ្ឋមន្ត្រីការបរទេស ហ្កាតា អះអាងថា ការចេញសេចក្ដីថ្លែងការណ៍បំផ្លើសដែលជាលទ្ធផលនៃការវាយប្រហារតាមអីុនធឺណិត មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសមហាអំណាចឡើយ ដូចជា សហរដ្ឋអាមេរិក ជាដើម ចំណែករដ្ឋាភិបាល ហ្កាតា នៅតែធ្វើសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រអារ៉ាប ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃការវាយប្រហារនោះ ។
