ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងត្រូវបានផ្ដល់កិត្តិយស ទៅជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម យុងអ៊ុន នាពេលឆាប់ៗនេះ ក្នុងកាលៈទេសៈជាក់លាក់មួយ ប្រសិនបើមេដឹកនាំរូបនេះរីករាយក្នុងការអង្គុយតុចរចាគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន BBC នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧។
តាមរយៈបទសម្ភាសន៍មួយរបស់លោកត្រាំ ទៅកាន់ទូរទស្សន៍ CBS ប្រធានាធិបតីរូបនេះបានហៅមេដឹកនាំកូរ៉េខាងជើងលោក គីម យុងអ៊ុន ថាជាអ្នកមានអំណាចវ័យក្មេងមួយរូប ទោះបីជាការដោះស្រាយបញ្ហាមានភាពរឹងទន្ទឹងក៏ដោយ។ លោកបន្ថែមថា ចាប់តាំងពីឪពុកបានស្លាប់ គីម យុងអ៊ុន បានក្លាយជាមេដឹកនាំប្រទេសផ្ដាច់ការ វ័យក្មេងបំផុតដែលមានអាយុទើបតែ ២៦ ទៅ២៧ឆ្នាំតែប៉ុណ្ណោះ។
ជាចុងក្រោយលោក ដូណាល់ ត្រាំ និយាយថា អាមេរិកមានបំណងទៅជួបប្រជុំផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងពេលវេលាជាក់លាក់មួយ ប្រកបដោយសន្តិភាពពាក់ព័ន្ធទៅនឹងបញ្ហាទាំងឡាយដែលកំពុងរាលដាលកាន់ធំឡើងៗ និងថែមទាំងហៅមេដឹកនាំកូរ៉េខាងជើងថា ជាក្មេងកន្ធាត់ស្អាតទៀតផង៕
