រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ទឹកខ្មៅជ្រលក់ម្រាមដៃដែលបានទិញពីប្រទេសឥណ្ឌាទាំង ៤ម៉ឺន៦ពាន់៥រយដប លុបមិនជ្រះនោះទេ ហើយប្រសិនជាមានជនណាហ៊ានចេញមុខអះអាងថាទឹកខ្មៅអាចលុបជ្រះនៅថ្ងៃបោះឆ្នោត នោះ គ.ជ.ប នឹងចាត់វិធានការក្តៅ និងចាត់ទុកជននោះថា ជាអ្នកចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា។
ការថ្លែងបែបនេះរបស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ ក្រោយបញ្ចប់ការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ ដែលមានតំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ និងតំណាងស្ថានទូត បានជ្រលក់ម្រាមដៃរបស់ខ្លួនក្នុងទឹកខ្មៅ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិថ្មី ហើយត្រូវបានលាងជម្រះមកវិញដោយទឹកថ្នាំអ៊ុតសក់របស់ប្រទេសថៃ។
ប្រធាន គ.ជប. រូបនេះបានឲ្យដឹងទៀតថា ជនដែលបានជ្រលក់ទឹកខ្មៅលុបមិនជ្រះហើយលាងធ្វើឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតខាងមុខនេះ មានបំណង៣យ៉ាង ដែលទី១ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង ទី២ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣ ចង់ធ្វើឱ្យមានការភាន់ច្រឡំ នឹងបាត់ទំនុកចិត្តដល់ការបោះឆ្នោត។
យ៉ាងណាមិញ ដើម្បីធានាការបោះឆ្នោតឃុំ- សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែក្រោយនេះ និងមាន១២គណបក្សនយោបាយនឹងចូលរួមប្រកួតប្រជែងដណ្ដើមបេក្ខភាពមេឃុំ នៅក្នុងឃុំ-សង្កាត់ចំនួន ១,៦៤៦ ទូទាំងប្រទេស ឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងមិនមានការបោះឆ្នោតច្រើនដងនោះ ប្រធាន គ.ជ.ប បានប្រកាសដាក់ចេញនូវវិធានការ៥ចំណុច ដូចខាងក្រោម៖
- ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត
- ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,
- ណែនាំឲ្យលេខាធិការឲ្យធិកលើប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិកដូចគ្នា
- រំឭកដល់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកអង្កេតការណ៍ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ ឲ្យតាមដានពិនិត្យផ្ទៀតផ្ទាត់រូបថត និងទិន្នន័យរបស់អ្នកបោះឆ្នោត និង
- ការផ្សព្វផ្សាយបន្ថែមទៀតពីការអនុវត្តទោសបញ្ញត្តិ ចំពោះជនណា ដែលធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត។


