ស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋមួយកន្លែង ដែលស្ថិតនៅទីក្រុង Jalalabad ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានក្រុមប្រដាប់អាវុធមួយក្រុមសម្រុកចូលបាញ់ប្រហារគ្នាយ៉ាងកក្រើក ជាមួយនឹងកងកម្លាំងសន្តិសុខនៅស្ថានីយ Radio Television Afghanistan កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។
អភិបាលខេត្ត Nangarhar លោក Gulab Mangal បានបញ្ជាក់ថា ខ្មាន់កាំភ្លើងមួយក្រុមដែលបាញ់សម្រុកចូលស្ថានីយនោះ មានចំនួនយ៉ាងតិច ៣នាក់ ក្នុងចំណោមពួកគេមាន ២នាក់បានបំផ្ទុះខ្លួនឯងស្លាប់ ខណៈដែលម្នាក់ទៀតកំពុងប្រយុទ្ធគ្នាជាមួយប៉ូលិស បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ០៦នាក់ និង ១៧នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ផងដែរថា ទីក្រុង Jalalabad ដែលទទួលរងការវាយប្រហារនេះ គឺស្ថិតនៅក្នុងខេត្ត Nangarhar ជាប់ព្រំដែនប្រទេសប៉ាគីស្ថាន ជាទីតាំងសំខាន់សម្រាប់ពួកភេរវករ និងក្រុមឧទ្ទាម តាលីបង់លាក់ខ្លួន។ យ៉ាងណាមិញប៉ូលិសបានអះអាងថា ក្រុមបង្កហេតុខាងលើ គឺជាស្នាដៃរបស់ពួកជ្រុលនិយម ISIS៕

