សិល្បៈ ៖ បទចម្រៀងថ្មី "ចាំទូរស័ព្ទកូន" ជាការនិពន្ធដោយលោក ងួន សុបិន បកស្រាយដោយលោក ម៉ៅ ហាជី ។ បទចម្រៀងមួយនេះបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់អប់រំយុវជនខ្មែរ ដែលបានឃ្លាតឆ្ងាយពីអ្នកមានគុណ ដើម្បីបន្តការសិក្សា ឬធ្វើការរកប្រាក់។ ព្រោះអារម្មណ៍ពេលបែកកូនជាទីស្រឡាញ់ និងធ្លាប់មើលថែតាំងពីតូចធ្វើឲ្យឪពុកម្ដាយគ្រប់រូបតែងបារម្ភ នឹក ចង់ជួបមុខ និងចង់ដឹងពីសុខទុក្ខកូនគ្រប់ពេល។
រឿងទាំងអស់នេះហើយដែលតែងតែធ្វើអ្នកម្ដាយលោកឪពុកជាទីគោរពបង្ហូរទឹកភ្នែក ព្រោះនឹកកូនដែលមិននឹកឪពុកម្ដាយ ។ ភាពសោកសង្រេងរបស់លោកខាងលើនេះប្រសិនបើកូនៗមិនតាមគន្លងធម៌ មិនដែលនឹកនា មិនដែលខលទូរស័ព្ទ មិនបានផ្ដល់ដំណឹងសុខទុក្ខ និងមិនដែលទៅជួបមុខលោក អារម្មណ៍ពិតលោកឪពុកអ្នកម្ដាយប្រាកដជាហូរទឹកភ្នែកស្រូបបាយ ព្រោះតែនឹកកូនជាមិនខាន ដូច្នេះហើយពេលស្ដាប់បទចម្រៀងនេះសង្ឃឹមថា កូនម្នាក់ណាដែលធ្លាប់ធ្វើឲ្យម្ដាយរង់ចាំ គួរងាកមកនឹកឃើញអ្នកមានគុណឡើងវិញ៕

