រាជធានីភ្នំពេញ៖ គ្រួសារសពវីរៈយុទ្ធជនមួកខៀវកម្ពុជាទាំង៤រូប ដែលបានពលីក្នុងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្ដាល ដោយសារការវាយប្រហាររបស់ពួកក្រុមឧទ្ទាម កាលយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នោះ នឹងទទួលបានថវិកា ៧ ម៉ឺនដុល្លារក្នុងម្នាក់ៗ ពី UN និង ប្រាក់បន្ថែមតាមគោលរបបនៃឋានន្តរសក្ដិ ពីរាជរដ្ឋាភិបាលកម្ពុជា។
នេះបើយោងតាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសំអាតកាកសំណល់សង្គ្រាម បានប្រាប់វិទ្យុបារាំង (RFI) តាមរយៈខ្សែទូរស័ព្ទកាលពីយប់មិញ។
ប្រភពដដែល អគ្គនាយករូបនេះបន្តថា បន្ថែមពីប្រាក់ទាំងអស់នោះមជ្ឈមណ្ឌលជាតិ រួមជាមួយក្រសួងការពារជាតិនឹងរៀបចំពិធីបុណ្យសពទៅតាម ការសំណូមពររបស់ក្រុមគ្រួសារនៃវីរៈយុទ្ធជន ដើម្បីធ្វើយ៉ាងណាឲ្យសាកសមនឹងកិត្តិយសនិងតម្លៃនៃការពលីជីវិតក្នុងការស្វែងរក្សាសន្តិភាពនៅលើឆាកអន្តរជាតិ។
ឯកឧត្ដមបន្ថែម សាកសព វីរៈយុទ្ធជនទាំងបួននាក់នឹងត្រូវយកដឹកមកដល់មាតុភូមិកម្ពុជា យ៉ាងលឿនបំផុតក្នុងរយៈពេលពីរសប្ដាហ៍ ដោយសារ UN ត្រូវរៀបចំពិធីដ៏ធំមួយ ដើម្បីគោរពវិញ្ញាណក្ខន្ធសពទាំង៤រូប នៅរដ្ឋធានីបឹងហ្កា ដែលមានការចូលរួមពីទ័ពរក្សាសន្តិភាព ក្រោមឆត្រ UN នៅប្រទេសអាហ្វ្រិកកណ្តាល សរុបជាតិសាសន៍ប្រមាណជាង ៤០ និងក៏ត្រូវធ្វើដាក់ឲ្យក្រុមហ៊ុនដេញថ្លៃដឹកជញ្ជូនសពផងដែរ។
សូមបញ្ជាក់ផងដែរថា វីរៈយុទ្ធជនទាំងបួននាក់ដែលបានពលី រួមមាន មានលោកអនុសេនីយ៍ឯក អ៊ឹម សំ បានសម្លាប់នៅនឹងកន្លែងការឆ្មក់វាយប្រហារ លោកអនុសេនីយ៍ឯក ម៉ៅ ឯក ព្រឹន្ទបាលទោ សាំង នរិន្ទ និងព្រឹន្ទបាលទោ មុំ តុលា ត្រូវគេរកឃើញថា ស្លាប់នៅប្រមាណពីរគីឡូម៉ែត្រពីទីតាំងវាយប្រហារ។



