ដោយសារសង្គ្រាមរាំរៃ បានបណ្ដាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសស៊ីរី ក្រោមការវាយប្រហារតាមអាកាសរបស់កងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ISIS។ យោងតាមការរបាយការណ៍របស់ UN បញ្ជាក់ថា ក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានជនស៊ីវិលយ៉ាងហោចណាស់ ១រយនាក់បានស្លាប់ និងរាប់រយនាក់របួស។
ប្រធានផ្នែកសម្របសម្រួល នៃជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ (UN) លោក Stephen O'Brien បានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ១រយនាក់បានស្លាប់ ដោយសារការទម្លាក់គ្រាប់បែករបស់កងកម្លាំងចម្រុះនៅក្នុងខេត្ត Raqqa និង Deir ez-Zor ប្រទេសស៊ីរី កាលពីសប្ដាហ៍មុន។
លោកបន្ថែមទៀតថា "សប្ដាហ៍មុននេះ មានមនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ខណៈដែលសហរដ្ឋអាមេរិកដឹកនាំកងកម្លាំងចម្រុះវាយប្រហារតាមអាកាស ដោយការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើមូលដ្ឋាន ISIS ក្នុងខេត្ត Deir ez-Zor"។
ស្របគ្នានេះផងដែរ កងកម្លាំងចម្រុះចំនួន ៦៨ប្រទេស ដែលត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក ពេលនេះកំពុងវាយសម្រុកចូលទៅលើមូលដ្ឋានដ៏ធំមួយទៀតរបស់ក្រុមសកម្មប្រយុទ្ធ ដោយបានសហការជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ក្នុងបំណងប្រឆាំងនឹងរដ្ឋាភិបាលលោក បាហ្សា អាល់ អាស្សាដ ទៀតផង៕
