រាជធានីភ្នំពេញ៖ បើគ្មានការប្រែប្រួលទេនោះ ចរាចរណ៍នឹងមានការកកស្ទះខ្លាំង ខណៈមេបក្សប្រឆាំង និងមេបក្សកាន់អំណាចប្រកាសថា ខ្លួននឹងចេញហែក្បួនឃោសនានៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី០២ ខែមិថុនា ដែលមានចូលរួមទាំងពីរបក្ស ២០ម៉ឺននាក់។
ចំពោះតម្រាយផ្លូវក្បូនឃោសនារបស់មេបក្សកាន់អំណាចបច្ចុប្បន្ន ដែលសម្ដេចតេជោចូលរួមនោះ នឹងមានសមាជិកចូលរួម១៥ ម៉ឺននាក់ ដោយចាប់ផ្ដើមចេញពីចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ឡើងទៅមហាវិថីព្រះមុនីវង្ស បុកទៅរង្វង់មូលគួចកាណុង ហើយបត់ឆ្វេងចូលផ្លូវ៧០ បន្តផ្លូវ២៧៣ បត់ឆ្វេងចូលផ្លូវ ៥១៦ ផ្លូវ២៨៩ ឆ្ពោះមកដល់ស្ពានអាកាស ៥មករា ចូលមហាវិថីម៉ៅសេទុង បត់ស្តាំចូលផ្លូវទេពផង រួចបត់ឆ្វេងវិញចូលផ្លូវ២៧១ ដល់ស្ពានស្ទឹងមានជ័យបត់ស្តាំ ចូលផ្លូវវេងស្រេង បុកទៅរង្វង់ចោមចៅ ទើបបំបែកផែន។
ចំណែកឯក្បួនគណបក្សជំទាស់របស់ឯកឧត្ដម កឹម សុខា វិញក៏នឹងនៅម៉ោង ៦ព្រឹក ដូចបក្សប្រជាជនកម្ពុជាដែរ ប៉ុន្តែក្បូនហែឃោសនាចុងក្រោយនេះ មានមនុស្សចូលរួម ៥ ម៉ឺននាក់ និងចាប់ផ្តើមចេញពីទីលានប្រជាធិបតេយ្យចាស់ ចេញរង្វង់មូលខាងលិចនៃស្ពានជ្រោយចង្វារ រួចបត់ឆ្វេងទៅរង្វង់មូលអង់តែនទួលគោក ឆ្ពោះទៅកាន់ស្ពានអាកាសពេទ្យលោកសង្ឃ។
យ៉ាងណាមិញការសុំហែក្បួនឃោសនារកសំឡេងឆ្នោតរបស់បក្សប្រឆាំង នៅមិនទាន់ត្រូវបាន គ.ជ.ប អនុញ្ញាតនៅឡើយទេ ដោយ គជប បានស្នើសុំឲ្យ បក្សសង្គ្រោះជាតិ ពិនិត្យនូវសំណើរបស់ខ្លួនឡើងវិញ ដើម្បីផ្លាស់ប្តូរម៉ោងចេញហែក្បួន និងថ្ងៃហែក្បួនជាដើម ពីព្រោះថា តម្រាយផ្លូវរបស់បក្សប្រឆាំងធំជាងគេមួយនេះ មានភាពដូចគ្នានៅផ្លូវចំនួនខាងលើ (ដូចជា ផ្លូវមុនីវង្សទៅបត់ទៅអង់តែនទួលគោកជាដើម) ដែល គ ជ ប យល់ថាអាចនឹងមានការប្រឈមដាក់គ្នារវាងក្រុមអ្នកគាំទ្រនៃបក្សទាំងពីរ។
ស្នើសុំឲ្យពិនិត្យឡើងវិញខាងលើនេះត្រូវបានអ្នកនាំពាក្យ គ.ជ.ប ឯកឧត្ដម ហង្ស ពុទ្ធា ប្រាប់ វិទ្យុអាស៊ីសេរី កាលពីម្សិលមិញថា គ.ជ.ប នឹងប្រជុំសម្រេចនៅថ្ងៃទី ៣១ ខែមេសា ឆ្នាំ២០១៧នេះ លើសំណើរបស់បក្សសង្គ្រោះជាតិ។ សូមបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ៤ នេះ មាន១២ គណបក្សនយោបាយចូលរួមប្រកួតប្រជែងដណ្ដើមយកកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១,៦៤៦ នៅទូទាំងប្រទេសកម្ពុជា៕
