ទីក្រុងព្យុងយ៉ាង៖ តាមរយៈការអះអាងរបស់អ្នកជំនាញផ្នែកកម្មវិធីនុយក្លេអ៊ែរ កូរ៉េខាងជើង បង្ហាញថា ការធ្វើតេស្តមីស៊ីលផ្លោងថ្មី ចុងក្រោយបំផុតរបស់កូរ៉េខាងជើង ដែលប្រុងនឹងបាញ់ឆាប់ៗខាងមុខនេះ គឺមានសមត្ថភាពអាចហោះដល់ទឹកដីសហរដ្ឋអាមេរិកទៀតផង ខណៈដែលមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងលើផ្នែកបច្ចេកវិទ្យា។
បើយោងតាមសារព័ត៌មានរដ្ឋ KCNA បានបញ្ជាក់ថា មីស៊ីលផ្លោងដែលបាញ់កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភាកន្លងទៅ គឺជាប្រភេទ Hwasong-12 ល្បឿនរបស់វាខុសពីមីស៊ីលមុនៗ ដោយវាអាចហោះក្នុងរយៈកម្ពស់ ២.១១១គីឡូម៉ែត្រ រត់បានចម្ងាយ ៤៥០០គីឡូម៉ែត្រ និងបានធ្លាក់ចូលក្នុងសមុទ្រជប៉ុនទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្ដីព្រមានថ្មីមួយទៀត ចំពោះការដាក់ពង្រាយមីស៊ីលផ្លោងរបស់កូរ៉េខាងជើង សំដៅមករកទឹកដីសហរដ្ឋអាមេរិក។ មួយវិញទៀតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ពេលនេះបានធ្វើឲ្យប្រទេសជិតខាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើបច្ចេកវិទ្យាលើសការរំពឹងទុករបស់ពួកគេ៕

