បើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន BBC នេះថា មានក្មេងជំទង់ជនជាតិឥណ្ឌាម្នាក់ បានបង្កើតផ្កាយរណបទម្ងន់៦៤ក្រាម ដែលឈ្នះក្នុងកម្មវិធីប្រកួតប្រជែង Cubes in Space រៀបចំដោយក្រុមហ៊ុន idoodle ដែលគាំទ្រពីអង្គការ NASA និងសមាគមផ្ដល់ជំនួយវិទ្យាសាស្ត្រក្នុងរដ្ឋ Colorado។
អ្នកវិទ្យាសាស្ត្រវ័យក្មេងម្នាក់នេះឈ្មោះ Rifath Shaarook អាយុ ១៨ឆ្នាំ រស់នៅទីក្រុងតូចមួយក្នុងរដ្ឋ តាមីលណាឌូ បច្ចុប្បន្នធ្វើការជាអ្នកវិទ្យាសាស្ត្រអវកាស របស់អង្គការលើកកម្ពស់វិទ្យាសាស្ត្រនឹងការអប់រំសម្រាប់កុមារ និងក្មេងជំទង់ឥណ្ឌា។ ផ្កាយរណបនេះត្រូវបានគេដាក់ឈ្មោះ KalamSat បន្ទាប់ពីអតីតប្រធានាធិបតីលោក Abdul Kalam របស់ឥណ្ឌា ជាអ្នកត្រួសត្រាយសម្រាប់មហិច្ឆតាវិទ្យាសាស្ត្ររបស់ប្រទេសនេះ។
គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្ត្រវ័យក្មេងខាងលើ បាននិយាយប្រាប់ថា KalamSat គឺមិនមែនជាការបង្កើតលើកដំបូងរបស់ខ្លួនទេ ពេលខ្ញុំអាយុ ១៥ឆ្នាំ បានបង្កើតបាឡុងហោះលើអាកាសដើរដោយអេលីយ៉ូម ដែលបានដាក់ក្នុងការប្រកួតប្រជែងវិទ្យាសាស្ត្រវ័យក្មេង នៅទូទាំងប្រទេសឥណ្ឌា កន្លងមក៕

