Sponsor
Pisey

រដ្ឋាភិបាល ​ហ្វីលីពីន​ បាន​បដិសេធ​មិន​ទទួល​យក​ជំនួយ​សហភាព​អឺរ៉ុប​ជា​ប្រាក់​ ២៧៨​ លាន​ដុល្លារ​អាមេរិក ​ដោយ​សារ​តែ​សហភាព​អឺរ៉ុប​ នៅតែ​បន្ត​រិះគន់​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​លោក​ប្រធានាធិបតី ​រ៉ូទ្រីហ្គោ ឌូតឺតេ ​ជា​យុទ្ធនាការ​បង្ក្រាប​ថ្នាំញៀន​ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់ ។​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ ហ្វីលីពីន ​លោក​ Franz Jessen​ បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​ រដ្ឋាភិបាល​ទីក្រុង​ ម៉ានីល ​ពិត​ជា​បាន​ច្រានចោល​ជំនួយ​របស់​សហភាព​អឺរ៉ុប​ ២៧៨​ លាន​ដុល្លារ​អាមេរិក ។​ ប្រធានាធិបតី​ ហ្វីលីពីន​ តែង​សម្ដែង​ការ​ខឹង​សម្បារ​ចំពោះ​ការរិះគន់​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​ ធ្វើឡើង​ដោយ​សហភាព​អឺរ៉ុប ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហប្រជាជាតិ ​ដោយ​លោក​ ឌូតឺតេ ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ៗ​ ហើយ​ជួន​កាល​ប្រៀបធៀប​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​លោក​ថា​ប្រហាក់ប្រហែល​នឹង​ការ​​សម្លាប់រង្គាល​របស់​មេដឹកនាំ​ ណាហ្ស៊ី អ៊ីត្លែ ។​ 

ចាប់​តាំងពី​លោក​ ឌូតឺតេ ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ខែ ​មិថុនា ​ឆ្នាំ​មុន ​ប៉ូលិស​ផ្ដល់​របាយការណ៍​ថា​ មនុស្ស​យ៉ាង​តិច​ ២៧០០​ នាក់​ត្រូវ​បាន​សម្លាប់​ ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​អះអាង​ថា​ អ្នក​ស្លាប់​មាន​​ចំនួន​រហូត​ដល់​ ៨០០០​ ពាន់​នាក់ ។​

ដោយសារ​តែ​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​ រដ្ឋាភិបាល​ ហ្វីលីពីន ​បាន​កាត់​បន្ថយ​ទំនាក់ទំនង​ជា​មួយ​​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​ខ្លួន​គឺ ​សហរដ្ឋ​អាមេរិក​ ព្រមទាំង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស ​ចិន ​និង​ រុស្ស៊ី ​ក្រោយពី​រដ្ឋាភិបាល​ទីក្រុង ​វ៉ាស៊ីនតោន ​មិន​ព្រម​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស ​ហ្វីលីពីន​ ដោយសារ​តែ​មានការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ច្រើន​សន្ធឹក​សន្ធាប់ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor