គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានចេញមកនិយាយអំពីស្ថានភាពរបស់ James Rodriguez ដែលត្រូវគេរំពឹងថានឹងចុះហត្ថលេខាប្ដូរមកលេងនៅ Man Utd។
កីឡាករសញ្ជាតិកូឡុំប៊ី មានព័ត៌មានជាប់ទាក់ទងធ្វើការផ្ទេរចេញក្នុងរដូវក្ដៅនេះ យ៉ាងកក្រើកហើយវិទ្យុ RCN និយាយថា Man Utd បានយល់ព្រមទទួលយក Rodriguez ពេលដែលរដូវដោះដូរកីឡាករបើកខាងមុខ។ របាយការណ៍ខាងលើបានបន្តថា James បាននិយាយប្រាប់ប្រធានក្លឹបលោក Florentino Perez កាលពីសប្ដាហ៍មុន ថា រូបគេទទួលបានការចាប់អារម្មណ៍ពីបិសាចក្រហមខ្លាំងមែនទែន។
ដំណឹងរំជើបរំជួលរបស់កីឡាករ២៥ឆ្នាំ ក៏កាន់តែក្ដៅពេលដែលរូបគេ បង្ហាញកាយវិការទះដៃបង្ហាញទឹកមុខស្រពោនពេលប្ដូរចេញយប់មិញ ហាក់មានអត្ថន័យថារូបគេមិនបន្តនៅទីនេះទៀតទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ Zidane បានបដិសេធអំពីស្ថានភាពនេះដោយនិយាយថា James កំពុងតែផ្ដោតជួយក្រុមក្នុងការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ ហើយជួយក្លឹបលើកពានពីរធំៗដែលក្រុមកំពុងមានប្រៀប។
“ James នៅទីនេះនៅឡើយ ហើយយើងនៅមានផ្លូវត្រូវដើរវែងឆ្ងាយតទៅទៀត។ ពួកយើងកំពុងគិតពីការបញ្ចប់រដូវកាលជាមួយនឹង៣ប្រកួតដែលនៅសល់ក្នុង La liga និង Champions League។ ខ្ញុំមិនចង់និយាយអំពីអ្វីផ្សេងទៀតទេ"។
Rodriguez បរាជ័យក្នុងដណ្ដើមដំណែងលេងជម្រើសដំបូងក្រោមការដឹកនាំរបស់ Zidane នៅBernabeu សូម្បីតែបម្រុងពេលខ្លះក៏មិនបានប្ដូរចូលដែរ។ រដូវកាលនេះរូបគេចូលលេងក្នុងជម្រើស១១នាក់ដំបូងបានតែ១៣ប្រកួតតែប៉ុណ្ណោះ៕

